កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍កំពុងមមាញឹកក្នុងការស្វែងរកគ្រឿងផ្សំសម្រាប់គ្រាប់បែក និងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលថ្មីៗ ដែលអាចធ្វើឱ្យមានការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ដ៏ធំមួយនាពេលខាងមុខ ដែលធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងចំពោះក្រុមអ្នករៀបចំផែនការយោធា នៅមន្ទីរបញ្ចកោណ។
រយៈពេលប្រហែល២ឆ្នាំហើយចាប់តាំងពីលោក គីម ជុងអ៊ុន បានបាញ់មីស៊ីលដែលមានសមត្ថភាព វាយប្រហារលើទឹកដីសហរដ្ឋអាមេរិកទាំងមូលបានប្រកាសថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់លោកបានសម្រេចជោគជ័យ ហើយបានបញ្ឈប់រាល់ការសាកល្បងគ្រប់អាវុធ ICBM ទាំងអស់។ នៅពេលនោះមេដឹកនាំកូរ៉េខាងជើង ក៏បានក្លាយជាការគំរាមកំហែងកាន់តែខ្លាំងចំពោះអាមេរិកផងដែរ។
ការផ្អាកការបាញ់សាកល្បងរបស់លោក គីម បានបង្កើតឱ្យមានទំនាក់ទំនងការទូត ដែលមិនធ្លាប់មានពីមុនមកជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលនាំឱ្យមានកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរី, វៀតណាម និងតំបន់គ្មានយោធាខណ្ឌចែកកូរ៉េទាំងពីរ៕