អភិបាលខេត្តកំពង់ចាមប្តេជ្ញាអភិវឌ្ឍន៍ខេត្តឲ្យកាន់តែប្រសើរឡើងតាមកម្មវិធីបីឆ្នាំរំកិល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2019 ក+ ក-

កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា យើងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានមកពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ឲ្យបានទាន់ពេលវេលា។

ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធីបំនិយោគបីឆ្នាំរំកិលខេត្ត (២០២០ ២០២២) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរផែនការខេត្តកំពង់ចាម។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការរៀបការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) នេះពិតជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ អាណត្តិទី៦ របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិយ៉ាងពិតប្រាកដ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានបន្តថា លទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានសរុបចំនួន២.៦៥៧គម្រោង ស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន៤.៨២៥គម្រោង មន្ទីរ អង្គភាពគាំទ្របានចំនួន២. ៣២៧គម្រោង អង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន៣២៩គម្រោង និងសប្បុរសជនចំនួន០១គម្រោង ។

ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការ មានចំនួន២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០.៣១២លានរៀល និងគម្រោងដែលមានថវិកាគាំទ្រ មានចំនួន៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩.២៣០លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០ ។

ទន្ទឹមនឹងនោះ គម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ហើយជម្រុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជន រួចផុតពីបន្ទាត់ក្រីក្រ ជាបន្តបន្ទាប់ ផងដែរ ៕ ដោយ ៖ ប៉ែនសុផល