ឃាត់ខ្លួនម្ចាស់ទីតាំងលក់ និងចែកចាយស្រាល្បីៗក្លែងក្លាយ ៥នាក់នៅក្រុងប៉ោយប៉ែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2019 ក+ ក-

បន្ទាយមានជ័យ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់បន្ទាប់ពីសង្ស័យថាបានលក់ចែកចាយស្រាក្រហមក្លែងក្លាយរំលោភកម្មសិទ្ធិបញ្ញា។

ការបង្រ្កាបនេះធ្វើឡើងពីរថ្ងៃជាប់គ្នាគឺថ្ងៃទី២៧-២៨ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ការឆ្មក់ចុះបង្ក្រាបរបស់សមត្ថកិច្ចចំរុះធ្វើឡើងក្រោមការសម្របសម្រួលរបស់លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធបានបន្តអោយដឹងទៀតថា ក្នុងយុទ្ធនាការឆែកឆេរនោះកម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកចំនួន៤ទីតាំងក្នុងនោះ ទីតាំងទី១-សមត្ថកិច្ចបានដកហូតស្រាសញ្ញាPenfolds Bin 2  , Bin 8  , Bin707 , Bin128 , Bin407, Bin389 ស្រាចំនួន២៤៨កេះស្មើនឹង១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះស្មើនឹង១៥៨៤ដប សំបកប្រអប់៩៣ដុំស្មើនឹង៩៣០សន្លឹក ស្ទីកឃ័រ៥២ដុំស្មើនឹង៥២០០សន្លឹក សំបកកេះ៤០០ដុំស្មើនឹង១០០០០កេស ក្លែងក្លាយ (កម្មសិទ្ធបញ្ញា)។

ទីតាំងទី ២- មានឈ្មោះ សាន្ដ សុត្ថាវុធ លទ្ធផល ដកហូតស្រាចំរុះ២២១ដប ស្រាក្រហម Penfolds 60ដប ស្រាបៀកូរ៉ូណា ហួសកាលបរិច្ឆេទ ២៨កេះ ទីតាំទី៣-មានឈ្មោះ ហេង ស្រីពៅ ជាលទ្ធផល ដកហូតស្រាJohnnie Walker ៤១ដប ទីតាំងទី ៤- មានឈ្មោះ តុលា ជាលទ្ធផល ដកហូតស្រាកហម Penfolds ចំនួន៣៧កេសស្មើនឹង២២២ដប johnnie Walker ៤៣ដប Hennessy X O ៧៧ដប X R.21 5ដប CHIVAS18 ១៣ដប ។

ក្រោយធ្វើការដកហូតស្រាក្លែងក្លាយ ហួសឧឺឡេ និងក្លែងបន្លំម៉ាក សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាម្ចាស់ទីតាំងចំនួន៥នាក់យកមកសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕