អ្នកបើករថយន្ត​បុក​នគរបាល​ចរាចរ​ខេត្តកណ្តាល​ ចូលខ្លួន​មក​សារភាព​ទោស​កំហុស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2019 ក+ ក-

ខេត្តកណ្តាល ​៖​ ​អ្នកបើកបរ​បុក​មន្ដ្រី​នគរបាល​ចរាចរណ៍​ម្នាក់​ ពេល​កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ត្រូវ​បាន​បងស្រី​នាំ​ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​នៅ​វេលា​ម៉ោង​០៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ដើម្បី​ទទួលទោស​តាម​ផ្លូវច្បាប់​ ក្រោយ​បើករថយន្ដ​បុក​មន្ដ្រី​នគរបាល​បណ្ដាល​ឲ្យ​រង​របួស​។​ នេះបើការបញ្ជាក់ពីលោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​។

​លោកស្នងការ​ខេត្ត​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ មន្ដ្រី​នគរបាល​យុត្តិធម៌​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ កំពុង​សួរនាំ​ជន​បង្ក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​ លោក​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា​ អ្នក​បើករថយន្ត​មានឈ្មោះ​ សំ​ណា​ន​ សំណាង​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

​សូម​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​២០​ និង​១០​នាទី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ភ្លើងស្តុប​ស្ពាន​ព្រែក​ហូរ​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​បើកបរ​ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បំ​បុក​ មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​ម្នាក់​ កំពុង​ឈរ​បញ្ជា​ចរាចរណ៍​លើ​ដងផ្លូវ​ បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ទាំង​សង្ខាង​ និង​បាក់ឆ្អឹង​ក​ង្កេះ​ ស្រាំ​លលា​ដ៏​កកឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។​ ក្រោយ​មាន​ហេតុការណ៍​កើតឡើង​ ជន​បង្ក​បាន​ព្យាយាម​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​រួច​គេចខ្លួន​បាត់​។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ត្រូវ​រថយន្ត​បើក​បុក​ពេល​បំពេញការងារ​នោះ​ឈ្មោះ​ ទូច​ សៅ​ហេង​ មាន​តួនាទី​ជា​ នាយ​រង​ផ្នែក​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​។​ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​ តា​កូ​ម៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3669​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​។​

​លោក​ ឆេ​ង​ សំ​អឿ​ន​ នាយការិយាល័យ​ចរាចរណ៍​ជើង​គោក​បានឲ្យ​ដឹង​ថា​លោក​ទូក​ សៅ​ហេង​ និង​មន្ត្រី​នគរបាល​ចរាចរណ៍​៥​រូប​ទៀត​ ត្រូវ​បាន​ចាត់​អោយ​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​ស្ពាន​ព្រែក​ហូរ​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ដើម្បី​ សម្រួល​ចរាចរណ៍​នៅ​ទីនោះ​។​ នៅ​មុន​ពេល​កើតហេតុ​ លោក​ ទូច​ សៅ​ហេង​ បាន​ចេញ​ឈរ​បញ្ជា​ចរាចរណ៍​ដោយ​បាន​បញ្ជា​អោយ​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ឈប់​ មិន​ត្រឹមតែ​មិន​ស្តាប់​តាម​ការ​បញ្ជា​អ្នកបើកបរ​ដែល​មាន​ច​រិ​ក​សាហាវព្រៃផ្សៃ​រូប​នេះ​បាន​ជាន់​ហ្គា​បន្ថែម​ល្បឿន​បំ​បុក​មន្ត្រី​នគរបាល​ទាំង​កំរោល​បណ្តាលឲ្យ​ប៉ើង​ខ្ទាត​ប្រមាណ​៥​ទៅ​៦​ម៉ែត្រ​ ធ្វើ​ឲ្យ​មន្ត្រី​នគរ​បាលរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើក​គេច​ពី​ចំណុច​កើតហេតុ​យក​រថយន្ត​ទៅ​ប្លុង​ចោល​ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ស្ទូចៗ​យក​ទៅ​រក្សា​ទុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​ ចំពោះ​លោក​ទូច​សៅ​ហេង​ ក្រោយ​ពី​ពិនិត្យ​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ លោក​ទទួល​រង​របួស​បាក់ជើង​ទាំង​សងខាង​បាក់ឆ្អឹង​ចង្កេះ​ និង​ស្រាំ​លលាដ៍ ​កកឈាម​ក្នុង​ខួរក្បាល​ទៀត​ផង​បច្ចុប្បន្ន​ កំពុង​សង្គ្រោះ​៕