មុខសញ្ញាជួញដូរគ្រឿងញៀន ៩នាក់ ត្រូវឃាត់ខ្លួនក្នុងនោះមានជនជាតិថៃម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2019 ក+ ក-

បន្ទាយមានជ័យ ៖ នៅក្នុងយុទ្ធនាការបង្ក្រាបការជួញដូរគ្រឿងញៀន ពេញមួយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនី យ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សម្របសម្រួលដោយ លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញក្រសោបបានមុខសញ្ញា ចំនួន៩នាក់ យកមកសាកសួរ និងរឹបអូសគ្រឿងញៀនបានជាច្រើនកញ្ចប់។

ថ្លែងប្រាប់អ្នកយកព័ត៌មាន លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ក្រោយទទួល បានការរាយការណ៍ថានមានការសេពនិងចែកចាយគ្រឿងញៀនដោយខុសច្បាប់នៅចំនុចភូមិខ្លាកូនចាស់នៃក្រុងសិរីសោភ័ណ កម្លាំងជំនាញញការិយាល័យបទល្មើសគ្រឿងញៀន សហការជា មួយ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តបានចុះនិងធ្វើការលោមព័ទ្ធទីតាំងហើយបានឃាត់ខ្លួនមនុស្សសង្ស័យចំនួន៧នាក់ភ្លាមៗយកមកសាកសួររួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន។ក្រោយសាកសួរជនសង្ស័យទាំង៧នាក់បានសារភាពនិងរាយការណ៍ពីមុខសញ្ញាពាក់ពន្ធ័បន្ថែមទៀត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់បន្ថែមថា ដោយមានការចង្អុលបង្ហាញ ពីមុខ សញ្ញាកម្លាំងជំនាញបានបន្តនីតិវិធីពន្លាតដែនដី ទៅដល់មូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីឃាត់ខ្លួន មុខ សញ្ញាដែលកំពុងលាក់ខ្លួន។ ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ២នាក់បន្ថែម ទៀតរួមជាមួយគ្រឿងញៀនមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាទាំង៩នាក់ទាំងពីរ ទីតាំងទីមួយស្ថិត នៅភូមិខ្លាកូនចាស់ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រីម្នាក់ និងទីតាំងទី២ ស្ថិតនៅ ភូមិក្បាលស្ពានក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រុសពិរនាក់ ក្នុងនោះមានម្នាក់ជាជនជាតិថៃ រួម ទាំងវត្ថុតាងជាថ្នាំញៀនមួយចំនួន និងម៉ូតូ ៣គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់នោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជូនទៅតុលាការខេត្តរួច ដើម្បីចាត់ការតាមផ្លូវច្បាប់រួចហើយ៕