ភ្នំពេញ ៖ ក្រោយពីអំពាវនាវដល់សប្បុរសជន ឲ្យចូលរួមវិភាគទាន ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យថវិកាបានកើនឡើងដល់ជិត ១០០លានដុល្លារហើយ បលគិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
តាមរយៈហ្វេសប៊ុកផេកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា សម្តេចបានបង្ហាញឲ្យដឹងថា ថវិកាទទួលបានពីសប្បុរសជននានា ដើម្បីជួយដល់ការសាងសង់ និងបំពាក់បរិក្ខារដល់មន្ទីរកាល់ម៉ែត មកដល់ពេលនេះ ទទួលបាន ចំនួន៦៤ម៉ឺន ៤ម៉ឺន ៣ពាន់ ៥៦១ដុល្លារ។ សម្តេចបន្តថា បើគិតទាំងថវិការដ្ឋ ៣០លានដុល្លារទៀត សរុបទាំងអស់មានចំនួន ៩៤លាន ៥ម៉ឺន ៣ពាន់ ៥៦១ដុល្លារ។សម្តេចតេជោ បានថ្លែងអំណរអរគុណ ចំពោះសប្បុរសជន ដែលបានបរិច្ចាគ ដើម្បីសង្រ្គោះជិវិតមនុស្ស ។ សម្តេចតេជោ សង្ឃឹមថានឹងមានសប្បុរសជន ផ្សេងទៀតបន្តការចូលរួម ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើបនិងពហុឯកទេស ។
គួររំលឹកដែរថា កាលពីសប្តាហ៏មុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ថវិកាជាតិចំនួន៣០លានដុល្លារ អាមេរិក ដើម្បីធ្វើទំនើបកម្មក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីសម្តេចតេជោ បានចុះទៅពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ នៅពេលជូនម្តាយក្មេកសម្តេចទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋមួយនេះ។
ការសម្រេចនេះ ដោយសារ សម្តេច ពិនិត្យឃើញថាមន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាជនប៉ុន្តែមន្ទីរពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល ខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មី និងទិញសម្ភារសម្រាប់បំពាក់ទាំងអាគារថ្មី និងអគារដែលមានរួចមកហើយ។ ដូច្នោះហើយ បានជាសម្តេចសម្រេចបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារ ដើម្បីបន្តកសាងអគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យបានសាងសង់បាន ១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លារ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណ និងកោតសរសើរចំពោះវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ ដែលបានបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕