ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោតម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសជាតិតូបការជូន លោក គូច ចំរើន អភិបាលខេត្តព្រះសីហនុ និងគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូន លោក ទៀ សីហា អភិបាលខេត្តសៀមរាប។
ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស គឺយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គម ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទើបតែទទួលបាននៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
សូមជម្រាបថា លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនា ២០១៩ ជំនួស លោក យន្ត មីន ដែលបានសុំលាលែងពីតំណែងក្រោយពីរលំបាក់អគារកម្ពស់ ៧ជាន់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស ២៨នាក់ស្លាប់ និង២៦នាក់រងរបួស។
ចំណែក លោក ទៀ សីហា អតីតអភិបាលរងខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវបានត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវ បានចូលនិវត្តន៍ពី អភិបាលខេត្តសៀមរាប៕