ខេត្តសៀមរាប ៖ គិតត្រឹមយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ករណីបាក់ស្រុតសំណង់អគារសាលាឆាន់ក្នុងវត្តប្រាសាទគោកចក ខេត្តសៀមរាបនោះគឺបណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់ស្រាល១៣នាក់។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសក្នុងហេតុការណ៍នេះផងដែរ ដើម្បីសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារជនរងគ្រោះ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កើតមានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ហេតុការណ៍នេះ បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត៕