ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធឈរជើងនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ និងប្រជាពលរដ្ឋ ជួយទប់ស្កាត់ និងអភិរក្សសត្វរមាំង នៅតំបន់ការងារទេសភាពអាងត្រពាំងថ្ម ត្បិតចំនួនសត្វប្រភេទនេះ បានថយចុះយ៉ាងច្រើន សឹងផុតពូជ។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ ស្តីពីការងារគ្រប់គ្រង និងអភិរក្សសត្វរមាំងនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម» ដល់កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៥ ខេត្តឧត្តរមានជ័យ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួង បរិស្ថាន បានឱ្យដឹងថា តំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលមានភូមិ សាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ ជាប់នឹងខេត្តឧត្តរមានជ័យ ក្នុងការទ្រទ្រង់ដល់ការរស់នៅ និងបន្តពូជរបស់ប្រភេទសត្វព្រៃ សំខាន់ៗជាច្រើន ប្រភេទជាពិសេស ប្រភេទសត្វរមាំង ដែលជាប្រភេទថនិកសត្វជិតផុតពូជបំផុតលើពិភពលោក។
ពិសេសចូលរួមទប់ស្កាត់ និងការគម្រាមកំហែង លើប្រភេទសត្វរមាំង តាមរយៈការប្រមាញ់ ការជួញដូរ ការលួចទន្ទ្រានកាន់កាប់ដីតំបន់ការពារទីជម្រក និងបន្តពូជដ៏សំខាន់របស់សត្វព្រៃជិតផុតពូជ។
លោករដ្ឋលេខាធិការ បានបន្តទៀតថា៖ សត្វរមាំងនេះរស់នៅចាប់ពីខែកក្កដា ដល់ខែមករា នៅក្នុងតំបន់ព្រៃកូនខ្លែង ជាតំបន់សហគមន៍ព្រៃឈើជាប់នឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ និងរស់នៅបន្តពូជនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្មចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ដែលជាកន្លែងមានប្រភពទឹក ចំណីអាហារ និងទីជម្រកគ្រប់គ្រាន់។
សូមជម្រាបដែរថា ចំនួនសត្វរមាំងនៅក្នុង និងជុំវិញតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ បានកត់ត្រា មានចំនួន៧០ក្បាល ឆ្នាំ២០០៣ ប៉ុន្តែមកដល់ឆ្នាំ២០១៩នេះ មានត្រឹមតែ១៧ក្បាលប៉ុណ្ណោះ។ ចំនួននេះ ជាចំនួនដ៏តិចតួចបំផុត បើប្រៀបធៀបជាមួយ នឹងប្រភេទសត្វព្រៃជិតផុតពូជផ្សេងទៀត ហេតុដូចនេះ ចាំបាច់ត្រូវធ្វើ ការការពារ យ៉ាងមុតមាំ ទាំងនៅតំបន់ជម្រកបន្ត ពូជ កន្លែង រកចំណី និងកន្លែងរស់នៅបណ្តោះអាសន្នរបស់វា៕