ម៉ានីល ៖ ព្យុះទីហ្វុងកំណាចកាំមួរិ (Kammuri) វាយប្រហារភាគកណ្តាល និងខាងត្បូងប្រទេសហ្វីលីពីន និងបានស្លាប់មនុស្សកើនដល់ដល់១០នាក់ហើយ គិតត្រឹមរសៀលថ្ងៃពុធនេះ ខណៈជាង៣.៤សែននាក់នៅតែស្ថិតក្នុងការជម្លៀសខ្លួនដដែល។
អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា មនុស្សជាង ៣៤០,០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Bicol ហើយកំពុងជ្រកកោននៅតាមមជ្ឈមណ្ឌលសុវត្ថិភាព ។ ទីភ្នាក់ងារឧតុនិយមបានឲ្យដឹងព្យុះបាននាំយកមកជាមួយនូវខ្យល់បោកបក់ល្បឿនចន្លោះ ១៥០-២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបង្កការខូចខាតដល់លំនៅឋាន និងសំណង់អគារមួយចំនួន ព្រមទាំងធ្វើឲ្យដើមឈើ បង្គោលភ្លើងរួមជាមួយផ្ទាំងបដាជាច្រើនដួលរលំថែមទៀត។ អាជ្ញាធរក៏បានព្រមានដែរថា នឹងអាចមានមនុស្សបន្ថែមទៀតបាត់បង់ជីវិត។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ព្យុះទីហ្វុងខាងលើ កើតមានឡើងចំពេលដែលហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Game) ដែលត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១១ ខែធ្នូ នៅទីក្រុងម៉ានីល៕