ឈ្មួញ​សម្រុក​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្តោ ពី​វៀតណាម​តាម​ច្រកព្រំដែន​ចំនួន​៤​ដូច​ទឹកបាក់​ទំនប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2015 ក+ ក-

​ភ្នំពេញ៖ ត្រី​រ៉ស់ ត្រី​ឆ្តោ ជា​ប្រភេទ​ត្រី​ដែល​ច្បាប់​ហាមឃាត់​នាំចូល កំពុងក្លាយ​ជា​មុខ​ជំនួញ​របស់​ឈ្មួញ​ធំៗ ក្នុងស្រុក និង​ឈ្មួញ​វៀតណាម​ជាច្រើន​នាក់ ដោយ​ពួកគេ​នាំចូល​តាម​រថយន្ត​ធំៗ​ពី​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​ខេត្តតាកែវ​, ច្រកទ្វារ​ជ្រៃ​ធំ​ខេត្តកណ្តាល​, ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​ខេត្តព្រៃវែង និង​ច្រករបៀង​ស្អំ​ខេត្ត​ត្បូងឃ្មុំ គឺ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​របស់​រដ្ឋបាល​ជលផល យកមក​បោះ​ដុំ​នៅ​ទីក្រុង​ភ្នំពេញ និង​បន្ត​ចែកចាយ​តាម​បណ្តា​ខេត្ត​នានា ទូទាំងប្រទេស ។

​ប្រភពព័ត៌មាន​ពី​អ្នករកស៊ី​លក់​ត្រី​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ មេ​ឈ្មួញ​ជនជាតិ​វៀតណាម​បាន​សហការ​ជាមួយ​ឈ្មួញ​ក្នុងប្រទេស​កម្ពុជា មួយចំនួន​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋបាល​ជលផល នាំចូល​ត្រី​ចិញ្ចឹម​ជា​ប្រភេទ​ត្រី​អណ្តែង ត្រី​ក្រាញ់ ត្រី​ឆ្ពិន និង​ត្រី​ទី​ឡា​ព្យ៉ា (​ជា​ប្រភេទ​ត្រី​សរ​) ពី​ប្រទេស​វៀតណាម ដើម្បី​យកមក​លក់​ផ្តាច់មុខ​នៅ​ភ្នំពេញ និង​មានការ​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​ទាំងអស់ ដោយ​គ្មាន​ធ្វើ​ការបង់​ពន្ធគយ​នោះទេ ។

នៅ​ទីក្រុង​ភ្នំពេញ មាន​យឿ​ត្រី​ធំៗ​ចំនួន​៤ ដែលមាន​ទីតាំង​ស្ថិតនៅ​ច្បារអំពៅ ច្រាំង​ចំរេះ គីឡូម៉ែត្រ​លេខ​១០ ស្វាយប៉ាក និង​ផ្សារ​ព្រែក​ព្នៅ ។ ជា​រៀងរាល់ថ្ងៃ ឈ្មួញ​ទាំងនោះ តែងតែបាន​នាំ​ត្រី​ឆ្តោ ត្រី​រ៉ស់ និង​ត្រី​ចាប បន្លំ​ជាមួយ​ត្រី​ជាច្រើន​ប្រភេទ​ទៀត​ដាក់​ក្នុង​កេស​ដែក ដឹក​តាម​រថយន្ត​ធុន​ធំ​រាប់សិប​គ្រឿង​មក​ចែកចាយ​តាម​យឿ​នីមួយៗ ដើម្បី​បែងចែក​លក់​បន្ត​នៅតាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា ។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ដើមរដូវ​បិទ​នេសាទ​ឆ្នាំនេះ មាន​ឈ្មួញ​ន​ជនជាតិ​វៀតណាម​បាន​សហការ​ជាមួយ​ឈ្មួញ​ក្នុងប្រទេស គេ​ស្គាល់​ថា ជា​ឈ្មួញ​មុខ​ដដែលៗ​នោះ ទទួលបាន​អាជ្ញាប័ណ្ណ​នាំចូល​ត្រី​ផ្តាច់មុខ តែង​ឃុបឃិត​ជាមួយ​មន្ត្រីជលផល និង​មន្ត្រី​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ទាំង​៤​ខាងលើ ជាពិសេស​មិនបាន​ធ្វើ​ការបង់​ពន្ធគយ ជូន​រដ្ឋ ទាំង​ត្រី​មានច្បាប់ អត់​ច្បាប់ គេ​ដឹងថា​មន្ត្រី​ព្រំដែន​ទាំងអស់នោះ ជួយ​បង្កលក្ខណៈ​ឲ្យ​ឈ្មួញ​ក្នុងស្រុក និង​ក្រៅ​ស្រុក ប្រកប​របរ​រកស៊ី​យ៉ាង​សុខ​ស្រួល​បំផុត ។

​ជាមួយនឹង​ការ​សម្រុក​ដឹក​ត្រី​យ៉ាង​អនាធិបតេយ្យ​នេះ គេ​បាន​ប៉ាន់​ប្រ​ម៉ាន​ថា ប្រសិនបើ សមត្ថកិច្ច​គយ​ត្រួត ពិនិត្យ និង​ធ្វើការ​វាយតម្លៃ​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ពិតជា​បង្កើន​នូវ​ចំណូល​ពន្ធ​រដ្ឋ​បាន​យ៉ាងច្រើន​ថែមទៀត ហើយ​មិនត្រូវ​ទុក​ឲ្យ​មន្ត្រី​ខិលខូច​ឃុ​ប​ឃុ​ត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​បន្ត​ទៀតឡើយ ៕ ដោយ៖សុផាន់​

zdxs

xdcxs
mnkj