ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីទាំងពីរបានបង្ហាញការរំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា-អាមេរិក នឹងកាន់តែមានវឌ្ឍនភាពបន្តទៅទៀត ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ។ ជំនួបពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី ៤ ខែធ្នូ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង មានសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម W. Patrick Murphy កម្ពុជា-អាមេរិក នៅតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត។
ជាមួយគ្នានោះ លោក អ៊ិត សំហេង បានរៀបរាប់ពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាអង្គការដៃគូនានារបស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលពេលថ្មីៗនេះ គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត (២០២០-២០២២)។
លោករដ្ឋមន្ត្រីបានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខាន់នានា ដែលសហរដ្ឋអាមេរិកបានចូលរួមផ្ដល់ឱ្យកម្ពុជាក្នុងការរៀបចំច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួន ក្នុងនោះច្បាប់ស្ដីពីការងារក៏ជាសមិទ្ធផលមួយ ដែលសហរដ្ឋអាមេរិកបានចូលរួមជួយដល់កម្ពុជា។
លោក អ៊ិត សំហេង និងលោក W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអេមរិក លោក ដូណាល់ ត្រាំ ក៏បានផ្ញើសារទំនាក់ទំនងការទូតឱ្យគ្នាទៅវិញទៅមក ប្រកបដោយភាពជិតស្និទ្ធផងដែរ៕