អាហ្វ្រិក ៖ អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថាយ៉ាងហោចណាស់មនុស្ស ៥៨ នាក់បានស្លាប់បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍រាប់សិបនាក់បានក្រឡាប់លិចនៅឯឈូងសមុទ្រម៉ូរីតានីនៃប្រទេសអាហ្វ្រិកខាង នៃនៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើយោងតាមប្រភពពី CGTN។
អាជ្ញាធរម៉ូរីតានី បាននិយាយថា មនុស្ស៥៨នាក់បានស្លាប់ ក្រោយទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿង បានលិចនៅឯឈូងសមុទ្រនៃប្រទេសអាហ្រិ្វកមួយនេះ នៅថ្ងៃពុធនេះបន្ទាប់ពីទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍១៥០នាក់ ចេញដំណើរពី ប្រទេសហ្គាំប៊ី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្ពោះទៅកាន់អ៊ីរ៉ុប។ ទោះបីយ៉ាងណា IOM មិនបានលម្អិតពីចំនួនអ្នកបាត់ខ្លួន ឬអ្នកដែលត្រូវបានជួយសង្គ្រោះនោះទេ។
ផ្លូវសមុទ្រដ៏គ្រោះថ្នាក់ពីទ្វីបអាហ្រ្វិកខាងលិច ទៅកាន់អឺរ៉ុប គឺជាផ្លូវធ្វើដំណើរមួយដ៏សំខាន់សម្រាប់ ជនអន្តោប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើ និងកសាងជីវិត នៅលើទឹកដីអឺរ៉ុប បើទោះជាពួកគេដឹងថាត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ៕