អ្នកដឹកនាំរឿងដ៏ល្បីប្រចាំឆ្នាំ២០១៩របស់កូរ៉េ ចែករំលែកបទពិសោធន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2019 ក+ ក-

ភ្នំពេញ ៖ លោក លី សាំងគឹន អ្នកដឹកនាំរឿងដ៏ល្បីប្រចាំឆ្នាំ២០១៩ របស់សាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី៧ ធ្នូ ២០១៩ បានមកចែករំលែកបទពិសោធន៍ នៃការផលិតភាពយន្តឲ្យទទួលបានការគាំទ្រច្រើន ពីទស្សនិកជន ជូនដល់អ្នកជំនាញ ក្នុងវិស័យខ្សែភាពយន្តរបស់កម្ពុជា។

លោក លី សាំងគឹន ជាអ្នកដឹកនាំរឿង ច្រកចេញ (Exit) ដ៏ល្បីល្បាញ ក្នុងពិភពខ្សែភាពយន្តកូរ៉េ។ ខ្សែភាពយន្តមួយនេះទទួលបានការកោតសរសើរពីសាធារណៈជនដោយបានប្រើប្រាស់នូវវិធីសាស្រ្តថ្មីខុសប្លែកពីគំរូខ្សែភាពយន្ត បង្ហាញពីគ្រោះមហន្តរាយផ្សេងៗទៀត ហើយនៅក្នុងប្រទេសកូរ៉េ មានទស្សនិកជនលើសពី៩០០ម៉ឺននាក់ បានចូលរួមទស្សនាខ្សែភាពយន្តនេះ និងទទួលបានការវាយតម្លៃថា ជាខ្សែភាពយន្តល្បីបំផុតប្រចាំឆ្នាំ២០១៩។

អ្នកដឹកនាំរូបនេះបានលើកឡើងថា ឆ្នាំ២០១៩នេះ ប្រទេសកូរ៉េខាងត្បូងអបអរសាទរខួបលើកទី១០០ឆ្នាំរបស់ខ្សែភាពយន្តកូរ៉េ។ កាលពីថ្ងទី ២៧ ខែតុលា ឆ្នាំ១៩១៩ ខ្សែភាពយន្តកូរ៉េ លើកដំបូង ដែលមានចំណងជើងថា Uirijeok Gutu ត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តប្រវតិ្តសាស្រ្តឈ្មោះ Dansungsa។ ក្រោយពីសង្រ្គាមកូរ៉េបានបញ្ចប់វិស័យខ្សែភាពយន្តកូរ៉េខាងត្បូងចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះនៅថ្ងៃនេះ លោកពិតជាសប្បាយរីករាយ ដែលបានមកចែករំលែកជូនដល់យុវជន យុវនារី ដែលជាអ្នកផលិតភាពយន្តវ័យក្មេងរបស់កម្ពុជា។ ហើយលោកជាអ្នកដឹកនាំភាពយន្តវ័យក្មេង ជាពិសេសនៅប្រទេសកូរ៉េក៏ដោយ នៅប្រទេសកម្ពុជាក៏ដោយ បើសិនមានតែឆន្ទះ និងមានតែទឹកចិត្ត ដែលស្រលាញ់ភាពយន្ត គឺយើងអាចផលិតខ្សែភាពយន្តល្អៗបាន។

លោកបានបង្ហាញពីឆន្ទះ និងចេតនា ចង់សហការជាមួយឧស្សាហកម្មភាពយន្ត និងត្រៀមខ្លួនសហការជាមួយក្រុមហ៊ុនផលិតខ្សែភាពយន្តនៅកម្ពុជា ដើម្បីបានមកផលិត និងចូលរួមអភិវឌ្ឍន៍វិស័យយន្តនៅក្នុងប្រទេសកម្ពុជា៕