ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញជាង៨០០នាក់បានប្រមូលផ្តុំជាទ្រង់ទ្រាយធំទទួលផែនការនិងបទបញ្ជាថ្នាក់លើ ដើម្បីចេញប្រតិបត្តិការពង្រឹងសន្តិសុខ ថែរក្សាសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗមកពីបណ្តាប្រទេសនានាដែលគ្រោងចូលរួមក្នុង កិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ និងកិច្ចប្រជុំផ្សេងៗទៀតនៅពេលឆាប់ៗខាងមុខនេះ។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងរំលឹកដល់កងកម្លាំងក្រោមឱវាទទាំងអស់ត្រូវប្រមូលផ្តុំនិងការគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ហើយត្រូវមានមុខប្រចាំការទាំងយប់ទាំងថ្ងៃដើម្បីសហការចេញដោះស្រាយសភាពការណ៍សន្តិសុខ និងការចេញជួយសង្គ្រោះប្រជាពលរដ្ឋនិងបង្ការទប់ស្កាត់បទល្មើសផ្សេងៗទៀត ។
លោកបន្តថា ជាពិសេសត្រូវធានាឱ្យបានសុវត្ថិភាពគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលទាំងនៅក្នុងប្រទេសនិងថ្នាក់ដឹកនាំកំពូលបណ្តាប្រទេសដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ។ លោកបន្តថា កិច្ចការងារការពារសន្តិសុខឱ្យរឹងមាំនេះផងដែរឯកឧត្តក៏បានរំលឹកត្រូវតែទាមទារមានកម្លាំងគ្រប់គ្រងក្នុងដៃឱ្យបានគ្រប់គ្រាន់នៅពេលមានសភាពការណ៍ណាមួយកើតឡើងកម្លាំងត្រូវចេញប្រតិបត្តិការជាបន្ទាន់ដើម្បីដោះស្រាយសភាពការណ៍ទាន់ពេលវេលា។
លោក ស ថេត ក៏បានជម្រុញផងដែរឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ ទាំងស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ ការគោរពថ្នាក់ដឹកនាំនិងគោរពអនុវត្តបទបញ្ជាថ្នាក់លើ ។ ចៀសវាងធ្វើសកម្មភាពទាំងឡាយណាខុសពីពវិន័យកងកម្លាំងនគរបាលជាតិនិងខុសគោលការណ៍ច្បាប់ ៕