ខេត្តព្រះវិហារ ៖ ពូជកូនត្រីចម្រុះចំនួន១ម៉ឺនកូន ត្រូវបានមេបញ្ជាការវរសេនាធំលេខ១៦ថៃ ឈរជើងជួរមុខទិសទី១ប្រាសាទព្រះវិហារ ធ្វើការផ្តល់ជូនជាលើកទីបី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ដើម្បីធ្វើពិធីប្រលែងជាបន្តបន្ទាប់ ចូលទៅក្នុងស្រះទឹក ដែលមានទំហំ៦០០ម៉ែត្រ និងជម្រៅជាង៤ម៉ែត្រ។
ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃចន្ទទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។
ក្រោមការអញ្ជើញចូលរួមពីសំណាក់លោកវរសេនីយ៍ឯក អក្ខរៈផុន មួនប្រាដាប់ មេបញ្ជាការវរសេនាធំលេខ១៦ និងជាមេបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ និងលោក វរសេនីយ៍ឯក ប៊ុនសឺម ប៊ុនបាំរ៉ុង ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនថៃ.កម្ពុជា ប្រចាំតំបន់ទី១ និងជាមេបញ្ជាការរងវរសេនាធំលេខ១៦ ព្រមទាំងក្រុមយុវជនស្ម័គ្រចិត្តអន្តរៈក្រសួង និងនាយ ពលទាហាន គ្រួសារកងទ័ពយ៉ាងច្រើនកុះករ។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការរង នាយសេនាធិការ បានថ្លែងថា កូនត្រីដែលអង្គភាពធ្វើការប្រលែងនៅថ្ងៃនេះមានចំនួន១ម៉ឺនកូន។ ក្នុងនោះមានពូជកូនត្រីអណ្តែង កូនត្រីឡាប់យ៉ា និងពូជកូនត្រី ប្រភេទផ្សេងៗដ៏ទៃទៀតផងដែរ។ លោកថា ពូជត្រីចម្រុះទាំងអស់នេះ គឺជាការជួយឧបត្ថម្ភពីសំណាក់មេបញ្ជាការវរសេនាធំលេខ១៦ថៃ។នេះក៏ជាលើកទីបីដែរ ដែលអង្គភាពយើងខ្ញុំទទួលបាន ការជួយឧបត្ថម្ភ នូវពូជកូនត្រីចម្រុះ ដើម្បីធ្វើការប្រលែង នៅក្នុងស្រះទឹកទំហំទទឹង៣០០ម៉ែត្រ បណ្តោយ ៦០០ម៉ែត្រ និងមានជម្រៅជាង៤ម៉ែត្រ។ មានទីតាំងស្ថិតនៅក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្នុងភូមិចំបក់សែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការរង នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានលើកឡើងដោយបញ្ជាក់បន្ថែមថា កងកម្លាំងប្រដាប់អាវុធកម្ពុជា និងកងកម្លាំងប្រដាប់អាវុធថៃ ឈរជើងជួរមុខតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ នៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ទាំងការដើរល្បាតរួមគ្នា តាមភូមិសាស្ត្រដែលអង្គភាពខ្លួនទទួលខុសត្រូវ ដោយយកចិត្តទុកដាក់ខ្ពស់នៅក្នុងការជួយគ្នាទប់ស្កាត់ នូវរាល់បទល្មើសគ្រប់ប្រភេទ ដែលលបលួចឆ្លងដែនដោយខុសច្បាប់។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានលើកឡើងថា ចំពោះត្រីដែលអង្គភាពធ្វើការប្រលែងទាំងអស់នេះ វាមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា ដោយមិនអនុញ្ញាតឲ្យនាំយកនូវឧបករណ៍ដែលខុសច្បាប់ ចុះធ្វើការនេសាទ នៅក្នុងស្រះទឹកនេះជាដាច់ខាត។ បើពុំនោះទេនិងត្រូវទទួលខុសត្រូវដោយខ្លួនឯង ក្រោយពីក្រុមការងារបង្ក្រាបបាន។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ មេបញ្ជាការវរសេនាធំលេខ១៦ថៃ បានធ្វើការផ្តល់ជូននូវពូជកូនត្រីចម្រុះចំនួន៣ម៉ឺនកូន ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ម្តងហើយ។ ហើយនៅចុងឆ្នាំ ២០១៩នេះ មេបញ្ជាការវរសេនាធំលេខ១៦ថៃ បានបន្តជួយឧបត្ថម្ភនៅពូជកូនត្រីចម្រុះចំនួនពីដងសរុបចំនួន៣ម៉ឺនកូនបន្ថែមទៀត៕