ឈីលី ៖ កងទ័ពអាកាសឈីលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះយោធាឈីលីមួយគ្រឿងដែលមាន ៣៨ នាក់បានបាត់ដំណឹងពីប្រព័ន្ធទាក់ទង នៅពេលកំពុងធ្វើដំណើរទៅកាន់ទ្វីបអង់តាក់ទិច នៃប៉ូលខាងត្បូងរបស់ភពផែនដី។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ។
យន្តហោះប្រភេទ C-130 Hercules បានហោះចេញពីទីក្រុង Punta Arenas នៅម៉ោង ១៦ និង ៥៥ នាទីម៉ោងក្នុងស្រុក ហើយបានបាត់ដំណឹងនៅកំឡុងម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ។
ក្នុងចំណោមអ្នកជិះទាំង ៣៨នាក់នៅលើយន្តហោះយោធាខាងលើនេះ គឺមាន ១៧នាក់ជាសហសេវិក និង ២១នាក់ទៀតជាអ្នកដំណើរ ដែលមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ។
កងទ័ពអាកាសរបស់ប្រទេសឈីលីបាននិយាយថាប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការដើម្បីស្វែងរកយន្តហោះនិងអ្នកដែលបាត់ខ្លួន។
ប្រធានាធិបតីស៊ីលីលោក Sebastián Piñera បាននិយាយនៅក្នុងសារធ្វីតថ៍ថាលោកមានអារម្មណ៍ស្រងាកចិត្តចំពោះការបាត់ខ្លួននេះហើយលោកកំពុងតាមដានស្ថានការណ៍នៅឯមូលដ្ឋានទ័ពអាកាស Cerrillos រដ្ឋធានី Santiago ៕