ណូវែលហ្សេឡង់ ៖ មនុស្ស ៥ត្រូវបានសម្លាប់នៅពេលដែលភ្នំភ្លើង White Island របស់ប្រទេសណូវែលហ្សេឡង់បានផ្ទុះឡើងភ្លាមៗកាលពីថ្ងៃចន្ទដោយជំរុញឲ្យអាជ្ញាធរប្រញាប់ប្រញាល់ព្យាបាលអ្នករងរបួសនិងស្វែងរកអ្នកដែលបាត់ខ្លួន។ ប៉ូលិសណូវែលហ្សេឡង់បាននិយាយថាអ្នកស្លាប់ទំនងជាមានច្រើន។
ស្របពេលជាមួយគ្នានោះ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានឲ្យដឹងថា ភ្នំភ្លើងនេះឬត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា Whakaari នៅឆ្នេរសមុទ្រភាគខាងជើងប្រទេសណូវែលហ្សេឡង់បានផ្ទុះឡើងខណៈដែលក្រុមភ្ញៀវទេសចរកំពុងមកទស្សនា។
លោកស្រីប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Wellington ថា “មនុស្សជាច្រើនកំពុងបាត់ខ្លួន”។ ប៉ូលិសបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែលជា២និង១១នាទីរសៀល (ម៉ោងក្នុងស្រុក) ហើយមានមនុស្សប្រហែល៥០នាក់នៅក្បែរនោះ។ អង្គការ St John Ambulance បាននិយាយថា មានមនុស្សរហូតដល់ទៅ២០នាក់ដែលត្រូវបានគេជឿថារងរបួសប៉ុន្តែក្រុមគ្រូពេទ្យមិនទាន់បញ្ចេញតួលេខលម្អិតនៅឡើយទេ។
លោកស្រី Judy Turner អភិបាលក្រុង Whakatane បានប្រាប់ AFP ថា “សេវាសង្គ្រោះបន្ទាន់កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីនាំមនុស្សចេញពីកោះទៅមន្ទីរពេទ្យដើម្បីព្យាបាល”។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ប្រទេសបានចាត់ទុកការផ្ទុះនេះថាជាកម្រិតមធ្យមបើទោះបីជាមានផេះដ៏ក្រាស់អាចត្រូវបានគេមើលឃើញក្នុងចម្ងាយរាប់សិបគីឡូម៉ែត្រក៏ដោយ។
ឧទ្ធម្ភាគចក្រនិងយន្តហោះជាច្រើនគ្រឿងត្រូវបានគេមើលឃើញនៅក្នុងតំបន់នោះហើយអ្នកនៅរស់រានមានជីវិតមួយចំនួនត្រូវបាននាំចេញពីកោះនេះតាមទូកទេសចរណ៍៕