មេដឹកនាំ​ហុងកុង​​ច្រានចោល​ការផ្តល់​សម្បទាន​បន្ថែមទៀត​ដល់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

​ហុងកុង ៖ មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam កាលពី​ថ្ងៃ​អង្គារ​បាន​ច្រានចោល​ការផ្តល់​សម្បទាន​បន្ថែមទៀត​ដល់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​នេះ​មុន​ដំណើរ​ទស្សនកិច្ច​ចុង​សប្តាហ៍​របស់លោក​ស្រី​ទៅកាន់​ទីក្រុង​ប៉េកាំង ​បើទោះបីជា​បរាជ័យ​ក្នុងការ​បោះឆ្នោត​ និង​ការហែក្បួន​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក៏ដោយ​។​

​ចលនា​នេះ​ដែល​សម្គាល់​ជា​ខួប​៦​ខែ​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​គឺ​ពីដំបូង​ឡើយ​ត្រូវបាន​បង្កឡើង​ដោយ​ការប៉ុនប៉ង​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក ​ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក​បានប្រែក្លាយ​ទៅជា​ការបះបោរ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​។​

​នៅក្នុង​ភាពស្ងប់ស្ងាត់​ដ៏​កម្រ​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​ និង​បាតុករ មនុស្ស​ប្រមាណ​៨០០,០០០​នាក់​បាន​ដើរ​ក្បួន​ដោយ​សន្តិវិធី​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​កាលពី​ថ្ងៃអាទិត្យ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​ការទាមទារ​៥​ចំណុច​របស់​ពួកគេ​ដែល​រួមបញ្ចូល​ទាំង​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ទៅលើ​ប៉ូលិសការលើកលែងទោស​ដល់​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ​និង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​ផងដែរ​។​

​ការបញ្ចប់​អំពើហិង្សា​គឺជា​អ្វីដែល​ថ្នាក់ដឹកនាំ​របស់​ទីក្រុង​នេះ​បាន​ទទូចថា​ត្រូវតែ​ជា​កត្តា​សំខាន់​ក្នុង​កិច្ចពិភាក្សា​ប្រកបដោយ​អត្ថន័យ​ប៉ុន្តែ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់លោក​ស្រី​កាលពី​ថ្ងៃ​អង្គារ លោកស្រី Lam បាន​បដិសេធ​ទទួលយក​ការទាមទារ​បន្ថែមទៀត​របស់​ក្រុមបាតុករ​ចំពោះ​ការដក​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើ​បត្យាប័ន​។​

​លោកស្រី​និយាយថា “​ប្រសិនបើ​តម្រូវការ​ជាក់លាក់​ទាមទារ​ឲ្យ​យើង​ងាក​ចេញពី​ច្បាប់​នោះ ខ្ញុំ​មិនអាច​យល់ស្រប​នឹង​ទទួលយក​ការទាមទារ​ទាំងនោះ​បាន​ទេ​”​។ លោកស្រី Lam បាន​អះអាងថា ការលើកលែងទោស​ដល់​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​គឺ​នឹង​រំលោភ​លើ​ស្មារតី​នៃ​នីតិរដ្ឋ​។​
​គួរ​បញ្ជាក់ថា ក្នុងចំណោម​មនុស្ស​ជាង​៦,០០០​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ខែមិថុនា​មក​នោះ​គឺមាន​៤០​ភាគរយ​ជា​និស្សិត​៕