ខេត្តរតនគិរី ៖ នៅវេលាម៉ោង ៨និង ១០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបរកែវ បានស្ទាក់ចាប់រថយន្តក្រុង ១គ្រឿងលួចដឹកឈើប្រណីតធ្នង់ ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ ៧៨ ស្ថិតក្នុងភូមិឃ្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី មានទិសដៅទៅប្រទេសវៀតណាម។
នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ លោក ហុង វណ្ណរាន បានប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៩ នេះថា រថយន្តក្រុងលួចដឹកឈើប្រណីតពាក់ស្លាកលេខវៀតណាម 81B-0011-13 ឆែកឆេររកឃើញឈើប្រណីតធ្នង់គីឡូមានទម្ងន់ ៧៨០គីឡូក្រាម ស្មើនឹង ០,៥៧៧ម៉ែត្រគូប។
លោកនាយផ្នែករដ្ឋបាលព្រៃឈើ បរកែវ រូបនេះ បន្តថា អ្នកបើករថយន្តដឹកបទល្មើសរត់គេចខ្លួនបាត់,ពិនិត្យជាក់ស្តែងឃើញថា ប្រមូល និងដឹកជញ្ជូនព្រៃឈើ ខាងលើប្រាសចាកពីច្បាប់ស្តីពីព្រៃឈើ។
បច្ចុប្បន្នរថយន្តក្រុង ១គ្រឿង និងឈើប្រណីតធ្នង់ខាងលើ ត្រូវបាននាំមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់ចែងតាមច្បាប់ព្រៃឈើ។
គួរកត់សម្គាល់ថា បើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ ខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនឈើ យ៉ាងណាក៏ដោយនៅតែមានឈ្មួញខិលខូចលួចធ្វើសកម្មភាពដោយមិនខ្លាចច្បាប់៕ ដោយ ៖ ប៉ែន សុផល