ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានអាជ្ញាធរមីនបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន ដោយមានការអញ្ជើញចូលរួមពី UNDP តំណាងដៃគូអភិវឌ្ឍន៍ តំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិបត្តិករបោសម្អាតមីនជាតិនិងអន្តរជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារGarden City រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៤នៃអនុសញ្ញាអូតាវ៉ា ផ្តល់ជាវេទិកាពិភាក្សាទៅលើការកៀរគរធនធានដើម្បីឈានទៅសម្រេចបាននូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ ព្រមទាំងផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពការងារវិស័យមីន បញ្ហាប្រឈម និងដំណោះស្រាយ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំយ៉ាងខ្លាំងដើម្បីនាំមកនូវសន្តិភាព និងវិបុលភាពដល់ប្រជាជនកម្ពុជា។ ទន្ទឹមនោះលោកទេសរដ្ឋមន្ត្រីបានបង្ហាញពីលទ្ធផលនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ប្រទេសន័រវេស កាលពីខែវិច្ឆិកាកន្លងទៅនេះជូនដល់កិច្ចប្រជំុ ដែលកម្ពុជាទទួលបាននូវការអនុម័តលេីឯកសារពន្យារពេលបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការផ្តល់នូវការគាំទ្រទាំងបច្ចេកទេស សម្ភារ:និងថវិកា ដែលអាចឲ្យប្រទេសកម្ពុជាបំពេញបាននូវកាតព្វកិច្ចបោសសម្អាតមីនឲ្យអស់ពីទឹកដី ជួយសង្រ្គោះជីវិតពលរដ្ឋនិងបង្កើនការអភិវឌ្ឍន៍។
ក្នុងឱកាសនោះដែរ តំណាងប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍បានកោតសរសើរនូវអ្វីដែលប្រទេសកម្ពុជាសម្រេចបានក្នុងវិស័យមីនកន្លងមក និងបានប្តេជ្ញាចូលរួមក្នុងវិស័យនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានគោលដៅកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងកសាងនូវសន្តិភាព៕