ឈីលី ៖ អាជ្ញាធរឈីលីបានរកឃើញកម្ទេចកម្ទីនិងសាលសពមនុស្សពីយន្ដហោះយោធាដែលដឹកមនុស្ស៣៨នាក់ដែលបានបាត់ខ្លួនពេលធ្វើដំណើរឆ្ពោះទៅអង់តាក់ទិកកាលពីថ្ងៃចន្ទសប្ដាហ៍មុន ហើយបញ្ជាក់ថា យន្តហោះនេះធ្លាក់ក្នុងសមុទ្រទឹកកក។ នេះបើយោងតាមប្រភពពី CGTN ។
មេបញ្ជាការទ័ពអាកាសឈីលីលោក Arturo Merino) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Punta Arenas នៃភាគខាងត្បូងប្រទេសថា «ស្ថានភាពនៃបំណែកយន្តហោះដែលត្រូវបានរកឃើញនោះ ជាការបញ្ជាក់យ៉ាងច្បាស់ថា មិនអាចទៅរួចនោះទេដែលអាចមានមនុស្ស នៅរស់ក្នុងឧប្បដិហេតុនេះ…»។
យន្តហោះ C-130 Hercules បានដឹកមនុស្សចំនួន ៣៨ នាក់បានបាត់ដំណឹងកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីបានហោះចាកចេញពីទីក្រុង Punta Arenasស្ថិតនៅភាគខាងត្បូងប្រទេសឈីលី ឆ្ពោះទៅមូលដ្ឋានឈរជើង Presidente Eduardo Frei Montalva ក្នុងទ្វីបតំបន់Antarctic។
ក្រុមមន្ត្រីបានបាត់បង់ការទាក់ទងប្រហែលមួយម៉ោងបន្ទាប់ពីវាបានចាប់ផ្តើមហោះចាកចេញ។ កម្ទេចកម្ទីបំណែកយន្តហោះត្រូវបានគេមើលឃើញជាលើកដំបូងកាលពីថ្ងៃពុធប្រហែល៣០គីឡូម៉ែត្រពីចំណុចចុងក្រោយនៃការទាក់ទង។
រហូតមកដល់ពេលនេះអ្នកស្វែងរកបានរកឃើញកង់ចុះចតសម្ភារៈពីធុងឥន្ធនៈ និងផ្នែកខ្លះនៃជញ្ជាំងយន្តហោះ។ពួកគេក៏បានរកឃើញកាបូបស្ពាយនិងស្បែកជើងផងដែរ។
អាជ្ញាធរបាននិយាយថា សាកសពមនុស្សដំបូងនឹងទៅដល់ឆ្នេរនៅថ្ងៃសុក្រនេះ ហើយអាជ្ញាធរនឹងប្រើតេស្តឌីអិនអេដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ៕