ខេត្តរតនគិរី ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន សហការណ៍ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រម ទាំងកម្លាំងមន្ទីបរិស្ថានខេត្ត ចុះពិនិត្យសំណាកដើមឈើមួយដើម ក្លាយជាថ្ម ជំនាញបានសន្និដ្ឋាន បឋមថា មានអាយុកាលរាប់លានឆ្នាំ មកហើយ បន្ទាប់ពីមន្ត្រីការិយាល័យបេតិកភណ្ឌវប្បធម៌ នៃ នាយកដ្ឋានតំបន់វប្បធម៌ របស់ក្រសួងបរិស្ថាន បានចុះស្រាវជ្រាវរយៈពេលកន្លងមកនេះ។
នៅរសៀលថ្ងៃសុក្រ កន្លងមកនេះ ឯកឧត្ដម សូ ឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជា ប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម សហការណ៍ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ មន្ទីបរិស្ឋានខេត្តរតនគីរី បានអញ្ជើញចុះដល់ទីតាំងដើមឈើ ក្លាយជាថ្មនេះ មានទីតាំងចំណុច ត្រពាំង ឈូក ស្ថិតក្នុងភូមិ សាយ៉ស់ ឃុំកាលែង ស្រុកលំផាត់ ខេត្តរតនគិរី។
លោក លឹម វ៉ាន់ចាន់ ប្រធានការិយាល័យ បេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់វប្បធម៌ របស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា នេះគឺជាផូសស៊ីលដើមឈើ បានន័យថា ជាដើមឈើបានក្លាយ ជា ថ្ម។ ដែលក្រុមការងារលោកបានចុះសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៩នេះ បានចំនួន ១១ទីតាំងហើយ ហើយនេះគឺជាទីតាំងមួយក្នុងចំណោមទាំង១១ ខាងលើនោះ លោកថា ក្រុមការងារលោកបាន សិក្សាស្រាវជ្រាវឃើញផូសស៊ីលពពួកសត្វសមុទ្រនៅខេត្តបន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី ហើយផូសស៊ីសឈើ នៅខេត្តរតនគិរី នេះ ចំណែកខេត្តស្ទឹងត្រែង ក៏មានភុសស៊ីលឈើនេះដែរ។
លោកបន្តថា គោលដៅនៃការសិក្សានេះគឺសិក្សារកព័ត៌មានទិន្នន័យ ដែលពាក់ព័ន្ធទៅនឹងភុសស៊ីល ទាំងអស់នេះថា តើការប្រែប្រួលរបស់វាយ៉ាងម៉េច ជាពិសេសទិន្នន័យស្រុកយើង អត់ទាន់មានទេ ដូច្នេះគឺជាការចាប់ផ្ដើមថ្មីមួយរបស់យើង ក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា មុននឹងឈាន ដល់ ការចុះស្រាវជ្រាវនេះ គឺលោកទទួលបានព័ត៌មានពីមន្ទីរបរិស្ថានខេត្តរតនគិរី ហើយការស្រាវជ្រាវ នេះ លោកបានកាយអស់រយៈពេល២សប្ដាហ៍ កន្លងមកហើយជីកបានប្រមាណ ១៦ម៉ែត្រ ប៉ុន្តែ ដើម ឈើមួយដើមនេះ ទើបតែជីកបាន ១៤ម៉ែត្រ នៅមិនទាន់ផុតទេ ដូច្នេះការសិក្សានេះលោកនឹង បន្តទៅទៀត ។ លោកបញ្ជាក់ថា នៅទីតាំងនេះ មិនមែនមានតែដើមឈើ ប៉ុណ្នឹងទេ គឺប្រហែលជា ១គីឡូម៉ែត្រជុំវិញនេះ គេរកឃើញមានលេចចេញដើមឈើប្រែក្លាយជាថ្មច្រើនទៀត លោកគ្រាន់ តែ រាប់ចំនួនបណ្ដោះអាសន្ន ឃើញមាន ៣៥ដើមហើយ គ្រាន់តែចំណាយពេលត្រឹមមួយព្រឹក ប៉ុណ្ណោះ ។ លោកក៏បានបញ្ជាក់ដែរថា បើតាមការស្រាវជ្រាវ តំបន់នេះ ជាតំបន់សមុទ្រ ពីព្រោះចំងាយ ប្រមាណ ជា ៥គីឡូម៉ែត្រ ពីទីតាំងនេះ មានភស្ដុតាងថ្មកំបោរ។
រីឯ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្រសួងនឹងបន្តស្រាវជ្រាវជំរុញទីតាំងនេះឲ្យក្លាយជាតំបន់ បែបទេសចរណ៍សិក្សាស្រាវជ្រាវមួយ ដើម្បីទាញយលផលប្រយោជន៍ ជូនបងប្អូនសហគមន៍ មូល ដ្ឋានផងដែរ។ ហើយលោកក៏រៀបចំជាស្នាក់ការរងមួយ ដើម្បីគ្រប់គ្រងទីតាំងនេះ និងជំរុញឲ្យមាន ការសិក្សា ស្រាវជ្រាវបន្ថែមទៀត ពីក្រសួង នឹងសុំអោយមាននិស្សិតមកពីចំងាយ ដូចជាភ្នំពេញ និង តាមបណ្ដាខេត្តផ្សេងៗ ដែលចង់សិក្សាស្វែងយល់ពីភូតហេតុ ដែលបណ្ដាលឲ្យដើមឈើ ប្រែក្លាយ ជាថ្ម នេះ គឺខាងមន្ទីរបរិស្ថានរបស់លោកនឹងរង់ចាំស្វាគមន៍ជានិច្ច៕