ភ្នំពេញ ៖ ដោយសម្លឹងឃើញពីសក្កដានុពល នៃការរីកចំរើនផ្នែកសេដ្ឋកិច្ច និងនិរន្តរភាពនយោបាយ នៃប្រទេសកម្ពុជា វិនិយោគិននៃប្រទេសម៉ាឡេស៊ី បានមកស្វែងរកដៃគូ សហការជាមួយ វិនិយោគិនកម្ពុជា ដើម្បីវិនិយោគលើឧស្សាហកម្មប្រេងឆា មកពីប្រទេសម៉ាឡេស៊ី នៅក្នុងទីផ្សារកម្ពុជា។
ជាក់ស្ដែង មានអ្នកវិនិយោគិនម៉ាឡេស៊ី មួយក្រុមបានរៀបចំសិក្ខាសាលាស្ដីពី ប្រេងឆាក្នុងទីផ្សារកម្ពុជា និងជំនួបផ្គូផ្គងដៃគូពាណិជ្ជកម្ម ជាមួយវិនយោគគិនកម្ពុជា ដើម្បីបង្កើនការនាំចូល និងឱកាសបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា។
លោក Kalyana Sundram ប្រធាននាយកប្រតិបត្តិ ក្រុមប្រឹក្សាប្រេងឆា ប្រចាំប្រទេសម៉ាឡេស៊ី បានថ្លែងថា លោកពិតជាមានក្ដីរីករាយ ដែលក្រុមហ៊ុនរបស់លោកបានឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជា ហើយការសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា ដោយសារតែសម្លឹងឃើញថា កម្ពុជាជាប្រទេសធំមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលមានសកម្មភាពអាជីវកម្ម និង ឧស្សាហកម្ម ក្នុងទំនាក់ទំនងដ៏ល្អប្រសើរនិងជាឱកាសនិយោគរកផលចំណេញបានទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
លោកបន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសមានដំណើរសេដ្ឋកិច្ច ឆ្ពោះទៅមុខយ៉ាងឆាប់រហ័សនិងកំណើននៃជីវភាពរស់នៅរបស់ប្រជាជនមានការប្រែប្រួល ដូច្នេះការវិនិយោគអាជីវកម្មប្រេងឆានៅកម្ពុជាជាឱកាសក្នុងការវិនិយោគនិងពង្រីកអាជីវកម្មបានធំធាត់។
លោកនាយកប្រតិបត្តិបន្ដថា ម៉ាឡេស៊ីជាប្រទេសធំទី២ ដែលនាំចេញប្រេងឆា ទៅកាន់ពិភពលោកទាំងមូល។ដូច្នេះសម្រាប់ឱកាសស្វែងរកថ្ងៃនេះមិនត្រឹមតែផ្ដល់ជូននូវប្រេងឆាដ៏មានគុណភាព ជូនដល់អតិថិជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានទាក់ទាញនៃការវិនិយោគ និងបង្កើតនូវឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ហើយពេលឧស្សហកម្មនេះកាន់តែរីកចម្រើនធំនិងផ្ដល់ឱកាសការងារសម្រាប់ប្រជាជនកម្ពុជា៕
វិនិយោគិនម៉ាឡេស៊ី ស្វែងរកដៃគូរវិនិយោគ លើអាជីវកម្មប្រេងឆា នៅកម្ពុជា