បន្ទាយមានជ័យ៖ កុមារីអាយុ១ខួប៦ខែម្នាក់បានលង់ទឹកស្រះក្បែរផ្ទះស្លាប់កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦កក្កដា កន្លងមកនេះ ខណៈស្ត្រីជាម្ដាយបានដេកលក់មួយភាំង ក្រោយពេលហូបបាយត្រង់រួច។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឺងថាក្មេងស្រីរងគ្រោះ ឈ្មោះ អឿត លីតា អាយុ១ឆ្នាំ៦ខែ ម្តាយឈ្មោះ ទិ ទុំ អាយុ២៥ឆ្នាំ នៅផ្ទះមើលកូន ឪពុកឈ្មោះអឿត អាត អាយុ២៧ឆ្នាំ ទៅធ្វើការនៅប្រទេសថៃ។គ្រួសារនេះរស់នៅភូមិប៉ោយចារ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ម្ដាយកុមារីរងគ្រោះ បានរៀបរាប់ទាំងរលីងរលោងទឹកភ្នែកថា ក្រោយពេលហូបបាយថ្ងែត្រង់រួច គាត់បានដេកលេងនៅក្រោមផ្ទះ និងបានចាក់បទចម្រៀងឲ្យកូនស្រីគាត់រាំលេង បន្ទាប់មករូបគាត់ក៏ដេកលក់មួយភាំង។ ពេលភ្ញាក់ដឹងខ្លួនឡើងស្រាប់តែបាត់កូនស្រី ក៏កើតក្តីភិតភ័យរន្ធត់ ហើយបាននាំគ្នាដើររកស្រាប់តែប្រទះឃើញស្លាប់អណ្តែតក្នុងទឹកស្រះក្បែរផ្ទះបាតទៅហើយ។
នគរបាលមូលដ្ឋាន បានចុះពិនិត្យលើខ្លួនសាកសពកុមារីរងគ្រោះនោះ ដែរ ហើយបានសន្និដ្ឋានថា កុមារីរងគ្រោះពិតស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយនៅលើខ្លួនប្រាណគ្មានស្លាកស្នាមអ្វីទាំងអស់៕បូរ៉ាស៊ី