ម៉ានីល ៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់បាត់ជីវិតបានកើនដល់៧នាក់ហើយ និងមនុស្ស៣៧នាក់ផ្សេងទៀតរងរបួស ខណៈអគារមួយចំនួនដួលរលំ និងមានមនុស្សកំពុងជាប់ខ្លួនក្នុងនោះផងដែរ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារលើកោះមិនដាណាវ ភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមសារព័ត៌មាន CNA។
អាជ្ញាធរហ្វីលីពីនបានបញ្ជាក់នៅថ្ងៃចន្ទនេះទៀតថា ក្រុមសង្គ្រោះបានព្យាយាមគាស់កកាយហាងលក់ទំនិញបាក់រលំមួយ នៅក្នុងក្រុងផាដាដា (Padada) នៃកោះមិនដាណាវ ទើបរកឃើញសាកសពបន្ថែមទៀត។
អាជ្ញាធរបន្តថា លោកប្រធានាធិបតីហ្វីលីពីន និងក្រុមគ្រួសារក៏ស្ថិតនៅក្នុងទីក្រុងដាវ៉ៅ នៅពេលគ្រោះរញ្ជួយដីខាងលើនេះកើតឡើងផងដែរ ប៉ុន្តែលោកមិនបានទទួលរងគ្រោះថ្នាក់អ្វីឡើយ ខណៈតំបន់ដែលក្រុមគ្រួសារលោកស្ថិតនៅ គឺមានចម្ងាយ ៦១គីឡូម៉ែត្រពីចំណុចរំញ័រ។
យោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៨រ៉ិចទ័របានវាយប្រហារលើតំបន់ក្បែរទីក្រុង ដាវ៉ៅ (Davao) នៃកោះមិនដាណាវ ហើយវាក៏ជាលើកទី៥ ផងដែរគិតចាប់តាំងពីខែតុលា។ គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី ២៨.២គីឡូម៉ែត្រ និងមានចំណុចរញ្ជួយនៅ ចំងាយ ៦១គីឡូម៉ែត្រពីភាគនិរតីពីតំបន់ឆ្នេរនៃទីក្រុង Davao៕