ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និង មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៦ ខែធ្នូ នៅក្រសួងយុត្តិធម៌។
ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីទាំងពីរសម្តែងនូវ សេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយលទ្ធផល ជាទីមោទនៈរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក ជាពិសេសពាក់ព័ន្ធនឹង ការពង្រឹងសមត្ថភាពមន្រ្តី ជំនាញការបង្ក្រាបបទលើ្មសការផ្ទេរទណ្ឌិត និងការផ្តល់ជំនួយទៅវិញទៅមកនៅក្នុងវិស័យព្រហ្មទណ្ឌ។
ជាមួយគ្នានោះភាគីទាំងពីរបានឯកភាព និងប្តេជ្ញាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការបន្តការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ដល់ជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសលាងលុយ ការការពារកុមារ និងការអនុវត្តច្បាប់៕