សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា កូរ៉េខាងត្បូងនៅថ្ងៃអង្គារម្សិលមិញនេះបានដាក់ឱ្យប្រើប្រាស់ និងដាក់ពង្រាយជាផ្លូវការនូវយន្ដហោះចម្បាំងបំបាំងកាយ F-35A ដែល ទិញពីសហរដ្ឋអាមេរិក ខណៈភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ចាប់ផ្ដើមកម្រើកឡើងវិញ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងអាវុធជាបន្តបន្ទាប់។
ពិធីខាងលើត្រូវបានធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស នៃកងអង្គភាពទី១៧ ស្ថិតក្នុងទីក្រុង Cheongju។ ប៉ុន្តែពិធីនេះមិនបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមឡើយ ដើម្បីកាត់បន្ថយការខឹងសម្បារបស់កូរ៉េខាងជើង ដ្បិតទីក្រុងព្យុងយ៉ាង ចាត់ទុកថាវត្តមានយន្ដហោះចម្បាំងអាមេរិកនៅលើឧបទ្វីបកូរ៉េគឺជាសញ្ញានៃសកម្មភាពត្រៀមឈ្លានពានប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន។
សូមជម្រាបថា មកទល់នឹងបច្ចុប្បន្ន កូរ៉េខាងត្បូងទទួលបានយន្ដហោះចម្បាំងបំបាំងកាយ F-35A ចំនួន១៣គ្រឿងពី សហរដ្ឋអាមេរិក ក្រោមផែនការនៃ ការដាក់ពង្រាយយន្ដហោះចម្បាំងដ៏ទំនើបនេះឱ្យដល់៤០គ្រឿង នៅត្រឹមឆ្នាំ២០២១៕