ខេត្តស្វាយរៀង ៖ យោងតាមកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម, ក្រសួងការ ពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម បានសហការរៀបចំធ្វើលំហាត់រួមគ្នាស្តីពីការជួយសង្គ្រោះគ្រោះមហន្តរាយតំបន់ព្រំដែនគោក និងការងារមនុស្សធម៌ឆ្នាំ២០១៩ រវាងប្រទេសទាំងពីរនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ពិធីនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
នេះគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលមានបំណងត្រៀមសហការបង្ការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ។ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស បានអញ្ជើញកាត់ខ្សែបូរបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនូវអគារមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម១ខ្នងជាអំណោយរបស់ក្រសួងការពារប្រទេសវៀត ណាម ដោយចំណាយអស់ថវិកាប្រមាណ១៥ម៉ឺនដុល្លាអាមេរិកដើម្បីជាចំណងដៃសម្រាប់ប្រជាពលរដ្ឋកម្ពុជាលើការជួយទ្រទ្រង់វិស័យសុខាភិបាល។ ភាគីវៀតណាម បានផ្តល់សម្ភារៈឧបករណ៍សម្ភារៈបរិក្ខារពេទ្យដល់មណ្ឌលសុខភាពរួមមានម៉ាស៊ីនអេកូសាស្ត្រទូទៅ ម៉ាស៊ីនព្យាបាលធ្មេញ ម៉ាស៊ីនគីណា(ស្អំសរសៃ) ឧបករណ៍ ពិនិត្យត្រចៀក និងបំពង់ កនិងឧបករណ៍សង្គ្រោះបន្ទាន់ព្រមទាំងសម្ភារៈឧបករណ៍សង្គ្រោះគ្រោះមហន្តរាយមានទូកអ៊ុប័រចំនួន៤០គ្រឿងផងដែរ។ លំហាត់នេះបានប្រើប្រាស់កម្លាំងរបស់ភាគីវៀតណាមចំនួន២៥០នាក់ក្នុងនោះកម្លាំងចូលរួមលំហាត់ចំនួន៦៥នាក់ (មានពេទ្យ២៥នាក់និងកម្លាំងគីមីសាស្រ្ត៤០នាក់) ភាគីកម្ពុជាចំនួន១,៦២៤នាក់ ក្នុងនោះក្រុមការងារដឹកនាំលំហាត់ចំនួន២១នាក់កម្លាំងធ្វើលំហាត់ចំនួន៧៩នាក់កម្លាំងបម្រើការក្នុងលំហាត់ចំនួន៣៨១នាក់និងកម្លាំងចូលរួមក្នុងពិធីបើក-បិទចំនួន១,១៤៣នាក់។
លោក នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានមានប្រសាសន៍ថា ការធ្វើលំហាត់យោធានេះគឺជាការចែករំលែកបទពិសោធន៍រួមគ្នានិងផ្តល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងដូចជាគ្រោះធម្មជាតិទឹកជំនន់ភ្លើងឆេះព្រៃឬគ្រោះធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យមានការរីកចម្រើន។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានគូសបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍មួយ ក្នុងការធ្វើលំហាត់រួមគ្នាលើការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងជាភារកិច្ចដែលបន្តរៀបចំជារៀងរាល់ឆ្នាំ ដោយឈរលើមូលដ្ឋានពិធីសារ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងការគំរាមកំហែងផ្សេងៗ នៅតាមព្រំដែន និងបញ្ហាប្រឈមនានា ដែលកំពុងកើតមានទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕