ខេត្តព្រះវិហារ ៖ នៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានប្រារព្ធអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ ៖ ស្ម័គ្រចិត្ត ដើម្បីអនាគតប្រកបដោយបរិយាបន្ន “Volunteer For Inclusive Future” ទិវានេះ ស្ថិតក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ លោក អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង អ្នកស្ម័គ្រចិត្ត ប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ១២០នាក់។
ក្នុងឱកាសនោះ លោកប្រធាន បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលាកម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។
លោកប្រធាន បានគូសបញ្ជាក់បន្ថែមថា ទិវាអន្តរ ជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុង ការងារមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ។ ទិវានេះ បានផ្តោតលើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ ពេលវេលា។
ជាក់ស្តែងកាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នករងគ្រោះ និងងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
នាឱកាសនោះដែរ សាខាបានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួនជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តព្រវិហារផងដែរ៕ ដោយ ៖ កូវ ប៊ុនហេង