កីឡាករមកពី១៥ប្រទេសនឹងចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោកនៅកម្ពុជា​ដើម​ឆ្នាំក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2019 ក+ ក-

ភ្នំពេញ ៖ កម្ពុជា​បានទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់​ពីថ្ងៃទី០៤ ដល់ ០៦ ខែមករា ឆ្នាំ២០២០ ដោយ​ត្រូវប្រណាំងកាត់ខេត្ដចំនួន៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ហើយក៏កំពុងខិតខំសហការយ៉ាងសស្រាក់សស្រាំ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​នេះផងដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងកិច្ចប្រជុំជាមួយក្រុមការងារជំនាញ នៅសាលាខេត្តកែប កាល​ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងទេសចរណ៍​កំពុង​សហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា រៀបចំ​វគ្គបណ្ដុះ​បណ្ដាល​មន្ត្រី​បច្ចេកទេស​កម្ពុជា ដើម្បីទទួលបានសញ្ញាបត្រទទួលស្គាល់ដោយ UCI ដែល​វគ្គ​នេះ​រៀន​ទាំង​ទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយ​ការ​អនុវត្ត​នឹង​យក​ព្រឹត្តិការណ៍​នេះ​ជា​ពេល​វេលា​សម្រាប់​អនុវត្ដ។

លោក​ ថោង ខុន បានសង្កត់ធ្ងន់ថា ក្រៅពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់តំបន់ឆ្នេរកម្ពុជា និង​លើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជា ក៏បាន​ជួយ​បំប៉ន​សមត្ថភាព​កីឡាករ​ជាតិ​កាន់​តែ​ច្រើន​ផង​ដែរ ធនធាន​មនុស្សក្នុងផ្នែកជំនាញ ធនធានមនុស្សក្នុងផ្នែកទទួលបដិសណ្ឋារកិច្ច និង​ការ​រៀបចំ​ព្រឹត្តិការណ៍​កម្រិតពិភពលោក ដែល​នឹង​ទទួល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​លើកដំបូងនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា មក​ដល់​ពេល​នេះ​មាន​ក្រុមកីឡាករចុះឈ្មោះចូលរួមប្រមាណ ២០ក្រុមហើយ សរុបជាង ២០០នាក់ ក្នុង​នោះ​ក្រុម​កីឡាករ​កម្ពុជា​មានចំនួន ២ក្រុម ហើយមានក្រុមកីឡាករបរទេសមកពី១៥ប្រទេសចូលរួមផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែល​ធ្វើ​ឡើង​នា​ដើម​ឆ្នាំ២០២០ នឹង​បែងចែកជា៣ដំណាក់កាល ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរ ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​កោះកុង ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថង ឆ្ពោះទៅភ្នំបូកគោ ដោយ​ឆ្លង​កាត់​ស្រុក​ព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោក ឆ្ពោះទៅខេត្តកែប។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងយ៉ាងហោចមាន ២០ក្រុមមកពី១៥ប្រទេសគ្រប់ទ្វីបចូលរួម ស្មើ​នឹង​កីឡាករ-កីឡាការិនី​ប្រមាណ២០០នាក់ ដែល​សុទ្ធតែជាអ្នកជិះកង់កម្រិតអាជីព៕