ខេត្តរតនគិរី៖ សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រហមស្រុកកូនមុំ លោក ប៉ែត អ៊ុំម៉ី សហការជាមួយប្រជាការពារភូមិតំបន់ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បង្ក្រាបទីតាំងបទល្មើសនេសាទខុសច្បាប់(ដៃសាច់កាវ) មួយកន្លែងដែលក្រុមជនខិលខូចលួចដាក់រាយបាំងតាមរាមដៃទន្លេស្រែពក ចំណុចអូរកាជាន់ ដោយត្រូវពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច។
ការចុះបង្ក្រាបទីតាំង(ដៃសាច់កាវ)នៅវេលាម៉ោង២និង៤៥នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុចដៃទន្លេអូរកាជាន់(ហៅភូមិអូរតាឡឹក) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ត្រូវកម្លាំងសមត្ថកិច្ចរឹបអូសបានទូកឈើចំនួន២ ប្រភេទទូកទូច និងដៃកាវចំនួន១ក្បាល(ស្មើនឹងមួយឈុត) ដែលមានទំហំទទឹង១២ម៉ែត្រ បណ្តោយ១៥ម៉ែត្រ ក្រឡាដៃសាច់កាវបាំងទទឹងរាមដៃទន្លេទំហំមួយហ៊ុន ក្រឡាសាច់កាវដាក់យកត្រីទំហំបួនលី បានដាក់បាំងឃាំងដៃរាមដៃទន្លេនារដូវត្រីពងនិងកូន ដែលមានប្រភពជាប់នឹងទន្លេស្រែពក។
ប្រភពពីប្រជាពលរដ្ឋនៅតាមក្បែរដៃទន្លេខាងលើនេះបានប្រាប់ឲ្យដឹងថានៅមានការលួចដាក់ដៃកាវ និងឆក់ត្រីតាមដៃទន្លេខាងលើដែលមានច្រើនកន្លែងផ្សេងៗទៀត និងលួចរាំងដៃកាវតាមដងដៃទន្លេខាងលើមិនទាន់បានចុះបង្ក្រាបដែលប្រជាពលរដ្ឋបានកត់សំគាល់ឃើញថា មានអ្នកមកពីស្រុក ឫខេត្តផ្សេងៗចេះតែលួចមកធ្វើអាជីវកម្មដាក់ដៃស៊េរីសាច់កាវ និងឆក់ត្រជាក់តាមដៃ និងរាមទន្លេខាងលើនេះ។ ប្រភេទដៃស៊េរីសាច់កាវខាងលើគឺមិនមែនជាប់តែត្រីធំៗនោះទេ ប្រភេទត្រីតួចៗគឺជាប់ទាំងអស់ផងដែរ។ ចំណែកត្រីដែលមិនសូវមានតម្លៃយកទៅលក់មិនបានថ្លៃក្រុមឈ្មួញសែងយកទៅកប់ចោលនៅក្បែរច្រាំងទន្លេខាងលើនោះ ដែលមានក្លិនស្អុយរលួយក្នុងកន្លែងធ្វើអាជីវកម្មនិមួយៗ និងកាយកប់ត្រីខូចរាប់រយគីឡូក្រាមកន្លែងដែលធ្វើអាជីវកម្មលួចលាក់នោះ។
នៅពេលសមត្ថកិច្ចចុះធ្វើសមកម្មភាពបង្ក្រាបជនល្មើសដែលរកស៊ីដាក់(ដៃសាច់កាវ) នៅចំណុចខាងលើនោះ បាននាំគ្នារត់គេចខ្លួនពីទីតាំងកន្លែងនោះបែកទឹកខ្ចាយតាមរាមដៃទន្លេចូលព្រៃបាត់អស់ទៅបន្សល់ទុកទូកឈើចំនួន២ និងដៃកាវចំនួន១ឈុតស្មើនឹងមួយក្បាល ដែលសមត្ថកិច្ចប៉ុស្តិ៍ត្រពាំក្រហមរឹបអូសយកមករក្សាទុកជាវត្ថុតាង។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំហាមឃាត់ដល់ប្រជាពលរដ្ឋអ្នកនេសាទត្រីនារដូវត្រីពង កូន និងឧបករណ៍ខុសច្បាប់ គ្រប់ទីកន្លែងនៅព្រះរាជាណាចក្រកម្ពុជា។
សមត្ថកិច្ចប៉ុស្តិ៍ត្រពាំក្រហម ស្រុកកូនមុំ បានសន្យាជាមួយប្រជាពលរដ្ឋនូវតំបន់ខាងលើនោះថាលោកនិងចុះបង្ក្រាបបទល្មើសដាក់ដៃកាវ នេសាទខុសច្បាប់ នៅក្នុងតំបន់របស់លោក រួមទាំងបទល្មើសផ្សេងៗទៀតជូនប្រជាពលរដ្ឋផងដែរ៕ដោយ៖ឡុង សារ៉េត