ចិន ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានប្តេជ្ញាថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសជ្រៀតជ្រែកចូលក្នុងតំបន់ពិសេសរបស់ខ្លួនគឺហុងកុង និងម៉ាកាវជាដាច់ខាត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
ការប្តេជ្ញារបស់លោក ស៊ី បែបនេះធ្វើឡើងក្នុងពិធីប្រារព្ធខួបលើកទី ២០ នៃការប្រគល់ទីក្រុងម៉ាកាវពីប៉ទុយហ្គាល់ឲ្យមកនៅក្រោមការត្រួតត្រារបស់ចិនវិញនៅថ្ងៃសុក្រទី២០ ខែធ្នូនេះ។
លោកស៊ីបានបញ្ជាក់ជំហររបស់ចិនថា ចាប់តាំងពីហុងកុង និងម៉ាកាវបានវិលត្រឡប់មកមាតុភូមិវិញ ពោលគឺក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ការដោះស្រាយជាមួយកិច្ចការតំបន់រដ្ឋបាលពិសេសទាំងពីរនេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទាំងស្រុង ហើយមិនមែនជារឿងរបស់កម្លាំងបរទេសណាមួយឡើយ ហើយមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិនជាដាច់ខាត។
សូមរម្លឹកផងដែរថា ម៉ាកាវបានវិលត្រឡប់ទៅកាន់ការគ្រប់គ្រងរបស់ចិនវិញនៅថ្ងៃទី ២០ ខែធ្នូឆ្នាំ ១៩៩៩ ដោយមានរូបមន្ត“ ប្រទេសតែមួយប្រព័ន្ធដឹកនាំពីរ” សំដៅថែរក្សាការពារស្វយ័តភាពដូចការគ្រប់គ្រងទីក្រុងហុងកុងដែរ៕