ភ្នំពេញ ៖ អត្តពលិកកីឡាប៉េតង់កម្ពុជាបានដណ្ដើមមេដាយ៦គ្រឿង ពីការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៣ នៅវៀតណាម។ មេដាយ៦គ្រឿងដែលកម្ពុជាដណ្ដើមបានក្នុងនោះរួមមានមេដាយមាស៤, ប្រាក់ ១ និងសំរឹទ្ធ១។
ចំពោះមេដាយមាស ៤គ្រឿងរបស់ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមបានលើវិញ្ញាសាវាយយកពិន្ទុបុរស និងនារី រួមមានកីឡាករ សុខ ចាន់មាន និងម្ចាស់មេដាយមាសពិភពលោក ៤សម័យ អ្នកស្រី កែ ឡេង។ ឯ ២គ្រឿងទៀត ដណ្ដើមបានមេដាយក្រុមបុរស និងក្រុមយុវជន ដែលបានយកឈ្នះក្រុមថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ដូចគ្នា។ លទ្ធផលក្រុមអត្តពលិកកម្ពុជា បានគ្រងចំណាត់ថ្នាក់លេខ១ ក្រោយដណ្ដើមបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ។
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែធ្នូម្សិលមិញ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ ក្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៨រូបទៅចូលរួមប្រកួតផងដែរ ៕