ខេត្តត្បូងឃ្មុំ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែធ្នូ នេះថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតផ្សារព្រំដែនចំនួនពីរទៀត នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង និងមួយទៀតនៅខេត្តកំពត។
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះថា « កម្ពុជា នឹងប្រើប្រាស់ថវិការបស់ជាតិ ដើម្បីធ្វើការសាងសង់ផ្សារព្រំដែនចំនួនពីរកន្លែងទៀតនៅស្វាយរៀង និងខេត្តកំពត ដោយមិនរង់ចាំជំនួយពីប្រទេសវៀតណាម នោះទេ។ ការធ្វើផ្សារព្រំដែននេះ គឺត្រូវធ្វើឲ្យលឿនរហ័ស ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា វៀតណាម ឲ្យកាន់រីកធំឡើងថែមទៀត។ កម្ពុជា មិនអាចរង់ចាំការឆ្លើយតបរបស់វៀតណាម នោះទេ ដោយសារតែត្រូវការពេលវេលាយូរ ដើម្បីសិក្សា និងអនុម័ត ស្របពេលដែលកម្ពុជាមានលទ្ធភាពក្នុងការសាងសង់…»។ សម្តេចតេជោ បានប្រាប់ទៅអភិបាលខេត្តកំពត និងខេត្តស្វាយរៀង ត្រូវត្រៀមដីសម្រាប់បង្កើតផ្សារព្រំដែន ឲ្យខ្លួនឯង មិនត្រូវរង់ចាំថវិកាពីរាជរដ្ឋាភិបាល ទៅទិញដីទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឲ្យដឹងដែរថា ការធ្វើផ្សារព្រំដែន គឺត្រូវធ្វើយ៉ាងណា ឲ្យភាគីទាំងពីរទទួលបានទាំងសងខាង ហើយថា ការធ្វើផ្សារព្រំដែននៅតាមព្រំដែនជាមួយប្រទេសវៀតណាម នាពេលនេះ គឺដើម្បីបង្កើនកំលាំងនាំចេញកសិកផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាម គ្រាដែលជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផ្អៀងទៅប្រទេសវៀតណាម៕