បន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញ ពីលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងមានយកចិត្តទុកដាក់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃ១៣រោច ខែមិគសិរ ឆ្នាំកុរ ព.ស ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ លោកគង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈសិក្សាទៅចែកជូនដល់សិស្សដែលមានជីវភាពខ្វះខាតក្នុងសាលាបឋមសិក្សាអណ្តូងថ្មមាស។
លោក គង់ រិទ្ធា ប្រធានចលនាយុវជន១៥៧ក្រុងប៉ោយប៉ែតបានអ្នកយកព័ត៌មានដឹងថា សិស្សានុសិស្សដែលទទួលបានអំណោយមានចំនួន១១៨នាក់ហើយអំណោយដែលត្រូវចែកជូនក្នុងម្នាក់ ទទួលបានសៀវភៅ ២ក្បាល ប៉ិច១ដើម ខ្មៅដៃ១ដើម និងឃីត១ (ថ្នាំពេទ្យ អង្ករ ទឹកដោះគោ ទឹកក្រូច នំកញ្ចប់ មី ប្រេងឆា ស្ករស ទឹកត្រី ត្រីខ ទឹកអូអ៊ិឈិ ទឹកបរិសុទ្ធនិង ថវិកា២០០០រៀល។ក្នុងនោះសិស្សដែលមានខ្វះមធ្យោបាយមករៀនចំនួន៤នាក់ ក្រុមការងារចលនាយុវជន១៥៧ក្រុងប៉ោយប៉ែតបានផ្តល់កង់ម្នាក់មួយគ្រឿងបន្ថែមទៀត។
លោក គង់ រិទ្ធា បានបញ្ជាក់បន្ថែមថា ក្រៅពីសំភារៈសិក្សាសម្រាប់សិស្ស លោកគ្រូអ្នកគ្រូចំនួន០៨នាក់ ក៏ទទួលបានឃីតម្នាក់មួយ សារ៉ុង១ ថវិកា២០០០០រៀលផងដែរ។
ក្នុងនោះផងដែរដោយពិនិត្យឃើញថាមានក្មេងកំព្រាពីរនាក់បងប្អូនដែលមិនទីពឹងនិងខ្វះមធ្យោបាយទៅសាលារៀនក្រុមការងារក៏បានផ្តល់កង់មួយគ្រឿងដើម្បីអាចឌុបគ្នាទៅសាលានិងឧបត្ថម្ភថវិកា១០ម៉ឺនរៀលបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា ចំពោះសម្ភារមួយចំនួនដែលផ្តល់និងចែកជូនដល់សិស្សគឺបានមកពីក្រុមហ៊ុនកាស៊ីណូក្រុងប៉ោយប៉ែត និងមួយចំនួនទៀតបានមកពីការគៀងគរពីបងប្អូនសមាជិក សមាជិកាក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត ដែលសរុបថវិកា៩,៤៩០,០០០ រៀល៕