ភ្នំពេញ ៖ តុលាការចេញដីកាកោះលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមក្នុងសវនាការនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ លោកកឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស។
លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានចេញដីកាកោះលោក កឹម សុខា ឲ្យសវនាការនាថ្ងៃទី១៥ ខែខែមករា ឆ្នាំ២០២០។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានដូចជា លោក កូយ សៅ ជាប្រធានក្រុមប្រឹក្សា លោកសេង លាង ចៅក្រមប្រឹក្សា លោកធាន ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោកជ័យ វាសនាជាក្រឡាបញ្ជីសវនាការ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញដែលទទួលបន្ទុកចាត់ការលើសំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះលេខ ៤៧៧៧ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានកំណត់កាលបរិច្ឆេទជំនុំជម្រះលើសំណុំរឿងនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចដាក់លោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល តែបានកែប្រែលក្ខខណ្ឌមួយចំនួន ដែលក្នុងនោះរួមមានលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកផងដែរ ពោលគឺលោកអាចធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះ ដោយផ្អែកលើស្ថានភាពសុខភាពនិងកិច្ចសហការល្អរបស់ លោក កឹម សុខា ជាមួយសមត្ថកិច្ចនាពេលកន្លងមក។ ប៉ុន្តែលោកត្រូវហាមឃាត់មិនឱ្យចេញទៅបរទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕