ខេត្តព្រះសីហនុ ៖ អ្នកនេសាទសមុទ្របានប្រទះឃើញ ត្រីផ្សោតឃ្លៀចមួយក្បាលងាប់អណ្តែតទឹក មកទើរលើឆ្នេរខ្សាច់ក្រោមស្ពានកោះពស់ នាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃើញដូច្នេះអ្នកនេសាទរូបនេះក៏រាយការណ៍ទៅមន្ត្រីជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ។
បើតាមមន្ត្រីជំនាញរដ្ឋបាលជលផល បានឲ្យដឹងថា៖ មានត្រីផ្សោតសមុទ្រមួយក្បាល មានទម្ងន់ជាង ២០០គីឡូក្រាម បានស្លាប់អណ្តែតមកទើរ នៅលើឆ្នេរខ្សាច់ ត្រង់ចំណុចម្តុំក្រោមស្ពានកោះពស់ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
មន្ត្រីជលផលខេត្តព្រះសីហនុ បញ្ជាក់ថា ត្រីផ្សោតនោះ ទំនងជាបានងាប់រយៈពេលមួយសប្តាហ៍កន្លងមកហើយ ដោយមានទង្ងន់ ប្រហែលជាង ២០០គីឡូក្រាម, មានប្រវែង ២.៣០ម៉ែត្រ និងទទឹង ០.៤០សង់ទីម៉ែត្រ។
មន្ត្រីជំនាញបន្តថា ត្រីផ្សោតខាងលើនេះ ជាប្រភេទផ្សោតឃ្លៀច(Indo-Pacific humpoback dolphin) ហើយគេធ្លាប់ឃើញមានរស់នៅតំបន់កោះព្រីង ឆ្នេរខែម មុខឆ្នេររាម និងនៅប្រជុំកោះរ៉ុង ហើយវាជាប្រភេទសត្វកម្រ ត្រូវការពារដោយអនុត្រឹក្សលេខ១២៣ អ.ន.ក្រ។
តាមការសន្និដ្ឋាន របស់មន្ត្រីជលផល ត្រីផ្សោតឃ្នៀចមួយក្បាលនេះ ទំនងជាងាប់ដោយសារជាប់មងរបស់ប្រជានេសាទ។ ហើយថា បច្ចុប្បន្ននេះ មន្ត្រីជលផលបានជីកដីកប់ទុកនៅក្បែរឆ្នេរសមុទ្រស្របតាមបច្ចេកទេស។
ទាក់ទិនបញ្ហានេះ ប្រជានេសាទរស់នៅខេត្តព្រះសីហនុ បានឲ្យដឹងដែរថា កន្លងមកត្រីផ្សោតសមុទ្រប្រភេទនេះ ប្រជានេសាទមិនសម្លាប់យកសាច់ធ្វើជាអាហារនោះទេ។ ជាងនេះទៀត ប្រសិនបើពួកវាបានមកជាប់មងហើយនៅរស់ គឺពួកគាត់តែងបានដោះលែងវិញ។ ប៉ុន្តែបើត្រីនោះងាប់វិញ គឺតែងបានដោះចេញពីមងឲ្យអណ្តែតតាមទឹកសមុទ្រ និងបានបួងសួងសុំសេចក្តីសុខសប្បាយជាដើម៕