ខេត្តព្រះវិហារ : កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ( ក១ ) នៃក្រសួងមហារផ្ទៃ សហការណ៍ជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះបង្ក្រាបអំពើរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់មានចំនួន ២០កញ្ចប់ធំ និងបានចាប់ខ្លួនបុរសម្នាក់នៅចំណុច សេមាន់ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាម៉ោង ២ និង២២នាទី រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។
ប្រតិបត្តិការនេះ បានដឹកនាំបញ្ជាការបង្ក្រាបពីនាយករង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ត្រី អ៊ិន សុង និងនាយរងការិយាល័យ ( ក១ ) លោករវសេនីយ៍ទោ ជា សំអឿន ដោយមានការ សម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ផងដែរ។
មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាកម្លាំងជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
លោកថា ជាលទ្ធផល ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន និស្សា ហៅ ខូច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រឹបអូសវត្ថុតាងជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២០ដុំធំ មានទម្ងន់ប្រមាណ ២០គីឡូក្រាម ដែលជនសង្ស័យ បាននាំឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ចំណុចកូបុន តាមច្រកអានសេះ ។
ខណ:នេះ ជនសង្ស័យ រួមជាមួយវត្ថុតាងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ ចាត់ការតាមនីតិវិធី៕ ដោយ : ក.ប៊ុនហេង