ភ្នំពេញ ៖ រដ្ឋាភិបាលចិនបានសំរេចផ្តល់ជំនួយចំនួន២លាន៥សែនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ឆ្នាំ២០២០។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះថា ថវិកាជាជំនួយឥតសំណងចំនួន២,៥០០,០០០ ដុល្លារនៃរដ្ឋាភិបាលចិននេះ នឹងត្រូវប្រើប្រាស់ដើម្បីអនុវត្តគម្រោង “ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា” ហើយគម្រោងនេះគាំទ្រការពង្រាយកម្លំាងប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់នៅខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ ខេត្តស្ទឹងត្រែង ព្រមទាំងកម្លាំងអន្តរាគមន៍នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម ដែលមានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនជាង១៧គីឡូម៉ែត្រក្រឡា។ លោកបញ្ជាក់ថា គម្រោងនេះត្រូវប្រើប្រាស់កម្លំាងជំនាញជិត៣០០នាក់ ក្នុងរយៈពេល១ឆ្នាំគឺពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ២០២០។
គួរបញ្ជាក់ថា គម្រោងជំនួយឥតសំណងរដ្ឋាភិបាលចិននេះមានរយៈពេល៣ឆ្នាំ (២០២០-២០២២) ហើយនេះជាឆ្នាំទី១។ សូមរំលឹកថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយទំហំថវិកាដូចគ្នានេះនៅចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩ផងដែរ ដែលបានអនុវត្តការបោសសំអាតមីន និងសំណល់ជាតិផ្ទុះតាមបណ្តាខេត្តដូចខាងលើផងដែរ៕