ព្យុះទីហ្វុងវាយប្រហារហ្វីលីពីនចំថ្ងៃបុណ្យណូអែល សម្លាប់មនុស្ស១៦នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

ម៉ានីល ៖ មន្រ្តីប៉ូលិសបាននិយាយនៅថ្ងៃព្រហស្បតិ៍នៅថ្ងៃទី ២៦ ធ្នូថា ទីហ្វុងផាន់ហ្វុន (Phanfone) បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះដ៏កំណាចនេះបានបោកបក់នៅលើឆ្នេរសមុទ្រនៅថ្ងៃបុណ្យណូអែល។ បើតាមសារព័ត៌មាន CNA។

យោងតាមអាជ្ញាធរហ្វីលីពីន ព្យុះទីហ្វុង Phanfone បានបង្កឱ្យផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាត រីឯការផ្គត់ផ្គង់អគ្គិសនីស្ទើរតែទូទាំងប្រទេស ត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ ភ្លាមៗមិនទាន់មានការវាយតម្លៃពីទំហំខូចខាត តែអាជ្ញាធរបានទទួលស្គាល់ថា មនុស្ស១៦នាក់បានស្លាប់នៅក្នុងភូមិ និងទីក្រុងមួយចំនួនធំនៅលើកោះ វីសាយ៉ាស (Visayas) ខណៈកោះ បូរ៉ាខាយ (Boracay) និងកោះ ខូរ៉ុន (Coron) ក៏បានរងការវាយប្រហារពីព្យុះដ៏កំណាចនេះដែរ ដែលនាំមកជាមួយភ្លៀង និងខ្យល់បក់ក្នុងល្បឿន ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង៕