ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ទោះបីជា បងប្អូនមានពិការភាពរូបរាងកាយក៏ពិតមែន តែមិនពិការភាពផ្លូវចិត្តទេ ហើយជនពិការភាពមួយចំនួនក៏មាន សមត្ថភាពធ្វើជាលោកឧកញ៉ា ទៀតផង។
ដោយមិនផ្តេកផ្តួលតាមរូបរាងកាយឡើយ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាស ប្ររព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងជនមានពិការភាពអន្តរជាតិលើកទី៣៧ ក្រោម ប្រធានបទលុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្នដែលបាន ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តអ្នកតាស្នឹង ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរខេត្ត កំពង់ចាម។
ស្ថិតក្នុងពិធីនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងតាមព្រះរាជ សារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពមានភាពប្រសើរឡើង តាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្រប ព្រមទាំងការពង្រឹងភាពជាម្ចាស់ការ ដោយលើកទឹកចិត្តដល់ជនមានពិការភាព មានមុខរបរផ្ទាល់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម។ ដោយសមិទ្ធផលរយៈពេល៥ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ នាពេលកន្លងមក បានធ្វើឱ្យជនមានពិការភាពទទួលបានទាំងសេវាសុខភាព ប្រកបដោយគុណភាព និងសមធម៌ ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញាបានល្អ
ប្រសើរ ។
ការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាព ដើម្បីសម្តែងមតិទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ ត្រូវបានលើកទឹកចិត្តទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ រួមទាំង ការធានាបាននូវសកម្មភាពសង្គម វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្លៃ ដែលធ្វើឱ្យជនមានពិការភាពទទួលបានការអភិវឌ្ឍន៍ឥតឈប់ឈរពីរាជរដ្ឋាភិបាល ផងដែរ ។
គួរបញ្ជាក់ថា គិតមកដល់ខែធ្នូ ឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលស្តារខេត្តកំពង់ចាម បានគាំទ្រដល់ជនមានពិការភាពចំនួន ២.២៨០នាក់ ក្នុងនោះមានស្រ្តី ៧៦៥ កុមារី ៤៥៦នាក់ និងកុមារ ៦០២នាក់ ដោយបានផ្តល់ ជូននូវអវៈយវៈ សិប្បនិម្មិតចំនួន ២៦៤ រណប ៤៣៦ រទេះរុញ ១៦៨គ្រឿង ឈើច្រត់៣៦៨ និងសេវាព្យាបាលចលនា និងសេវាសង្គមផងដែរ។
ជនមានពិការភាព០៨នាក់ ត្រូវបានបញ្ជូនទៅសិក្សានៅសាលាចំណេះដឹងទូទៅ និងបញ្ជូនទៅបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួសជុល និងសាងសង់ជម្រាលសម្រាប់ជនពិការនៅតាមសហគមន៍ចំនួន៤កន្លែង និងបញ្ជូនទៅវះកាត់ចំនួន៣២នាក់។
ចំពោះការកសាងសមត្ថភាពឡើងវិញ ដោយ បានបណ្តុះបណ្តាល លើប្រធានបទស្តីពី ពិការភាពសេវាស្តាលទ្ធភាពពលកម្ម និងដ្យាក្រាមបញ្ជូនប្រភេទពិការ ដល់បុគ្គលិកមន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ចំនួន២០ និងក្រុមប្រឹក្សា ឃុំចំនួន២០ ផងដែរ ៕ ដោយ ៖ ប. សុផល