សមត្ថកិច្ច​ចុះបង្ក្រាបបទល្មើសជលផល៣​ករណីក្នុងស្រុកព្រៃឈរ និងដុតបំផ្លាញចោលឧបករណ៍ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

ដោយ : ប៉ែន សុផល

ខេត្តកំពង់ចាម​ ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម​ សហការជាមួយ​ អាជ្ញារធរស្រុកព្រៃឈរ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន​ សហគមន៍​នេសាទសាមគ្គី​ឃុំមៀន​ និង​សហគមន៍​នេសាទវិហារធំ​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៩ នេះ បាន​ចុះបង្រ្កាបបទស្មេីលជលផល​ បាន​ចំនួន​៣ករណី ព្រមទាំង​បាន​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទខុសច្បាប់​ ​និង​ពន្លែង​កូន​ត្រី​ចូល​ទៅ​ក្នុង​បឹងធម្មជាតិ​វិញ​ផង​ដែរ​។

លោក​អ៊ុក​ ណារិន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ការ​ចុះ​បង្ក្រាប​នេះ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការ​ ករណី​ទី១: លូស្បៃមុងចំនួន​ ១៥មាត់​ របាំងស្បៃមុងប្រវែង​៧៥០ម៉ែត្រ​ និងបង្គោលចម្រឹងឬស្សីចំនួន​ ២២៥ដេីម ព្រមទាំង​ចាក់លែងត្រីចម្រុះទម្ងន់​១០គីឡូក្រាម​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​ នៅចំណុច​ជ្រោយអណ្តូង​ ឃុំមៀន​ ស្រុក​ព្រៃឈរ​។

ករណី​ទី២: លូស្បៃមុងចំនួន​ ១២មាត់ របាំងស្បៃមុងប្រវែង​ ៦០០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន ១៨០ដេីម ព្រមទាំង​ចាក់លែងត្រីចម្រុះទម្ងន់​០៨គីឡូក្រាម​ចូលក្នុងបឹង​ធម្មជាតិ​វិញ​ នៅចំណុច​បាំងដៃ​ ឃុំមៀន​ ស្រុកព្រៃឈរ។

និងករណី​ទី៣: លូស្បៃមុងចំនួន​០៨មាត់​ របាំងស្បៃមុងប្រវែង​៤០០ម៉ែត្រ​ និង​បង្គោលចម្រឹងឬស្សីចំនួន​ ១២៥ដេីម ព្រមទាំង​ចាក់លែងត្រីចម្រុះទម្ងន់​០៥គីឡូក្រាម​ចូលក្នុងបឹង​ធម្មជាតិ​វិញ​ នៅចំណុច​ខ្ទមលោកយាយ​ ឃុំមៀន​ ស្រុក​ព្រៃឈរ​។

លោក​នាយខណ្ឌ​បាន​បញ្ជាក់​ថា​ ដោយមានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឧបករណ៍ល្មើសច្បាប់ខាងលើត្រូវបានបង្កើតគណៈកម្មការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ ៕