ដោយ :កូវ ប៊ុនហេង
រះវិហារ ៖ ការងារលេចធ្លោក្នុងឆ្នាំ២០១៩ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហាររួមមានការដ្ឋានជួសជុល ថែទាំផ្លូវនិងការស្ថាបនាស្ពាន២កន្លែងនៅខេត្តព្រះវិហារ គ្រោងស្ថាបនាឱ្យបានរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។
ពាក់ព័ន្ធការងារខាងលើលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ចំពោះការងារជួសជុលថែទាំផ្លូវ នៅខេត្តព្រះវិហារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការជួសជុលថែទាំផ្លូវបានប្រវែង ៨០០គីឡូម៉ែត្រ ក្នុងចំនួននេះ មានផ្លូវក្រាលកៅស៊ូចំនួន៤០០គីឡូម៉ែត្រ ក្នុងនោះមានដូចជាការថែទាំ និងជួសជុលផ្លូវជាតិលេខ៦២ ប្រវែង ២គីឡូ ២០០ ម៉ែត្រ។ ក្រៅពីនេះយើងបាននឹងកំពុងស្ថាបនាស្ពានចំនួនពីរកន្លែងផងដែរ។ដោយឡែកសម្រាប់ឆ្នាំនេះដែរ យើងបានពង្រីកផ្លូវកោះកែរ បន្ថែម ៤ម៉ែត្រកន្លះ នៅក្នុងទីរួមខេត្ត ប្រវែង ២២៧០ម៉ែត្រជាមួយនឹងការពុះទ្រូងផ្លូវដាក់សួនច្បារនៅកណ្តាល បំពាក់ទៅដោយអំពូលភ្លើង ។ ទន្ទឹមនឹងនោះនៅក្នុងទីរួមខេត្តនេះដែរយើងបានអ៊ុតកៅស៊ូACនៅមុខសាលាខេត្តមានប្រវែងប្រមាណជា ៧ ម៉ឺនម៉ែត្រការ៉េ។ ក្រៅពីនេះ យើងក៏នឹងស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹង ការដាក់លូ អក្សU នៅតាមបណ្តោយផ្លូវដោយយើងបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី២៥ ធ្នូនេះដើម្បីរំដោះទឹកចេញពីទីរួមខេត្ត។
លោកបានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២០ខាងមុខនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារមានគម្រោងអ៊ុតកៅស៊ូACនៅទីរួមខេត្តបន្តទៀតដែលមានប្រវែងប្រមាណ៥គីឡូម៉ែត្រ ។
លោកសំ លាងទ្រីក៏បានបញ្ជាក់ទៀតថា ផ្លូវនៅក្នុងទីរួមខេត្តព្រះវិហារមានអាយុកាលប្រមាណជា១០ឆ្នាំហើយ ដែលធ្វើឱ្យកៅស៊ូងាប់តែនៅពេលយើងធ្វើការអ៊ុតកៅស៊ូ ac នេះនឹងធ្វើឲ្យជីវិតកៅស៊ូមានជីវិតឡើងវិញហើយប្រើប្រាស់បានពី៥ទៅ៦ឆ្នាំទៀត។ ជាគម្រោងនៅក្នុងឆ្នាំ២០២០នោះផងដែរ ផ្លូវកាត់ទទឹងទាំងអស់នៅក្នុងទីរូបខេត្តមន្ទីរសាធារណការនិងធ្វើការស្ថាបនាដោយចាក់បេតុងឆ្អឹងដែក ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដោយភាពសុខសប្បាយ ។
លោកសំ លាងទ្រីក៏បានបញ្ជាក់បន្តថា ចំពោះសកម្មភាពជួសជុលថែទាំផ្លូវទាំងប៉ុន្មានខាងលើ ជាមួយនឹងការស្ថាបនាស្ពាន ២កន្លែងលើបណ្ដោយផ្លូវ៩៥ មន្ទីរសាធារណការនិងអនុវត្តការងារនេះឲ្យបានរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានស្រួល។
គួរបញ្ជាក់ផងដែរថា ការស្ថាបនាស្ពាន ២កន្លែងលើបណ្ដោយផ្លូវ៩៥ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារអនុវត្តការងារបានប្រមាណ៨០ភាគរយហើយ ដោយស្ពានទី១ មានប្រវែង៤៥ម៉ែត្រទទឹក១២ម៉ែត្រ៥០ ស្ពានទី២មានប្រវែង១៨ម៉ែត្រទទឹង១០ម៉ែត្រ៩ ស្ថិតនៅក្នុងភូមិ ឃុំ ស្រុកឆែបខេត្តព្រះវិហា៕