ទារិកាអាយុ១៧ខែលង់ទឹកអាងស្លាប់ក្នុងបន្ទប់ទឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2019 ក+ ក-

ដោយ ៖ អ. សុផល

ខេត្តកំពង់ចាម ៖ ទារិកាអាយុត្រឹមតែ១៧ខែ ទើបតែចេះដើរ បានស្លាប់នៅអាងទឹកក្នុងបន្ទប់ទឹកផ្ទះឪពុកម្តាយរបស់ខ្លួន ក្នុងខណៈឪពុកម្តាយរវល់ធ្វើការងារភ្លេចខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦៖០០នាទីនៅចំណុចក្នុងអាងបន្ទប់ទឹក នៅភូមិអង្គរបានទី៤ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ប៉ូលិសបានអោយដឹងថាមជនរងគ្រោះឈ្មោះធារិន្ទអុីចិនភេទស្រីអាយុ១៧ ខែនៅភូមិអង្គរបានទី៤ឃុំអង្គរបានស្រុកកងមាស-ខេត្តកំពង់ចាម មានឪពុកឈ្មោះចាំ ធារិន្ទ ម្តាយឈ្មោះ នឿនសុខអឿននៅភូមិខាងលើ។ប៉ូលិសបានអោយដឹងថានៅពេលកើតហេតុអាណាព្យាបាលរវល់ធ្វើការងារភ្លេចខ្លួន ខណៈក្មេងរងគ្រោះដើរទៅងូតទឹកនៅកន្លែងកើតហេតុតែម្នាក់ឯង បណ្តាលអោយលង់ស្លាប់។

ក្រោយពីទទួលពត៌មាននេះភ្លាម សមត្ថកិច្ចបានបង្កើត គណៈកម្មការចំរុះត្រួតពិនិត្យទៅលើសពឃើញថា-ផ្នែកក្បាល ដងខ្លួន និងអវៈយវៈពុំមានស្នាកស្នាមអ្វីឡើយ ហើយពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ។ ក្រោយពីបានពិនិត្យសាសពរួច គណៈកម្មការបានប្រគល់សពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមគន្លងប្រពៃណី៕