សេអ៊ូល ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថានឹងចាត់វិធានការវាយបកដើម្បីការពារដែន អធិបតេយ្យភាព និងសន្តិសុខ នៃប្រទេស ខណៈមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិកជុំវិញការសាកល្បងមីស៊ីល និងនយោបាយនុយក្លេអ៊ែររបស់ប្រទេសនេះ។ នេះបើតាមសារព័ត៌មាន BBC។
ការព្រមានបែបនេះរបស់លោក គីម ជុងអ៊ុន ធ្វើឡើងអំឡុងដឹកនាំកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េខាងជើងរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ។
តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ក៏បានលើកឡើងផងដែរពីសកម្មភាពនៅក្នុងវិស័យកិច្ចការបរទេស ឧស្សាហកម្មអាវុធ និងកងកម្លាំងប្រដាប់អាវុធ ជាមួយការសង្កត់ធ្ងន់ថាទីក្រុងព្យុងយ៉ាង ចាំបាច់ចាត់វិធាន ការវាយបកនានា ដើម្បីការពារដែន អធិបតេយ្យភាព និងសន្តិសុខរបស់កូរ៉េខាងជើង។ តែលោកមិនបានបញ្ជាក់លម្អិតពីវិធានការទំាងនេះទេ ខណៈដែលអ្នកជំនាញជាច្រើនយល់ថា អាចជាការលុបចោលកិច្ចចរចាជាមួយអាមេរិក និងធ្វើតេស្ដឡើងវិញនូវក្បាលគ្រាប់នុយ ក្លេអ៊ែរ ឬក៏មីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាងបានផ្អាកការធ្វើតេស្ដចាប់តាំងពីឆ្នាំ២០១៧មក។
លោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែមក្នុងនោះរួមទាំង ដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំ សំដៅបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ខណៈ លោក ត្រាំ ក៏បានព្រមានទុកជាមុនដែរថាកូរ៉េខាងជើងអាចនឹងបាត់បង់អ្វីៗគ្រប់យ៉ាង បើសិនជាហ៊ានតេស្ដអាវុធនុយ ក្លេអ៊ែរឡើងវិញ៕