ភ្នំពេញ ៖ សណ្ឋាគារផ្កាយ៥ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ នៅពេលនេះ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ។
អ្វីដែលគេនៅចងចាំនោះ គឺសណ្ឋាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកដំបូង កាលពីឆ្នាំ២០០២ ដែលទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗមួយចំនួន។
យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ The Great Duke Phnom Penh បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យសណ្ឋាគារផ្កាយ៥ ដែលមានអាយុជាង២ទសវត្សរ៍នេះបិទទ្វារ គឺដោយសារបញ្ហាសេដ្ឋកិច្ច។
សេចក្តីជូនដំណឹងបានលើកឡើងថា «ជូនចំពោះបុគ្គលិកទាំងអស់។ អាស្រ័យដោយមូលហេតុសេដ្ឋកិច្ច យើងមានការសោកស្តាយ សូមជម្រាបជូនដំណឹងថា សណ្ឋាគារនឹង ត្រូវបិទដំណើរការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅបុគ្គលិកទាំងអស់ ត្រូវបានស្នើឲ្យសម្រាកមិនបាច់មកធ្វើការទេ។ ម្យ៉ាងវិញទៀត សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី អេចប៊ីអេស (HBS) ឲ្យទទួលដោះស្រាយនូវដំណើរការនៃការ បិទសណ្ឋាគារនេះ រួមទាំងការគិតគូរដោះស្រាយ ពីអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ ទៅតាមផ្លូវច្បាប់ជាធរមាន»៕