អូស្ដ្រាលី ៖ នៅថ្ងៃអង្គារនេះ អ្នកទេសចរនិងអ្នកស្រុករាប់ពាន់នាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅកាន់ឆ្នេរសមុទ្រនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីដែលរងការវាយប្រហារដោយភ្លើងឆេះព្រៃខណៈអគ្គិភ័យបានហែកហួរតាមតំបន់ទេសចរណ៍ដ៏ពេញនិយមជាហេតុធ្វើឲ្យគ្មាននរណាម្នាក់អាចគេចចេញតាមដីគោកបាន។
មនុស្សបួនពាន់នាក់ត្រូវបានជាប់នៅលើដីគោកនៃទីក្រុង Mallacoota និងមនុស្សជាច្រើនទៀតបានស្វែងរកការជ្រកកោននៅតាមឆ្នេរសមុទ្រក្នុងទីក្រុងដែលព័ទ្ធជុំវិញដោយភ្លើងឆេះ។ អ្នកស្រុកខ្លះដែលមានទូកបាននាំគ្នាធ្វើដំណើរតាមសមុទ្រជាមួយក្តីសង្ឃឹមថានឹងទទួលបានទីជម្រកពីថ្ងៃដ៏អាក្រក់បំផុតមួយនៅក្នុងវិបត្តិភ្លើងឆេះព្រៃរយៈពេលមួយខែរបស់អូស្ត្រាលី។
អចលនទ្រព្យរាប់សិបត្រូវបានបំផ្លាញចាប់តាំងពីយប់ថ្ងៃចន្ទមកហើយមនុស្សយ៉ាងតិច៧នាក់បានបាត់ខ្លួននៅក្នុងរដ្ឋ New South Wales និង Victoria ខណៈដែលអណ្តាតភ្លើងបានរាលដាលទៅដល់ទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនដូចជា Batemans Bay ជាដើម។
សេវាអគ្គិភ័យជនបទរដ្ឋ New South Wales បាននិយាយថា នៅកន្លែងខ្លះ អគ្គិភ័យមានសភាពខ្លាំង, ផ្សែងក្រាស់និងមានរន្ទះបាញ់ដែលបណ្តាលឲ្យការឃ្លាំមើលពីលើអាកាសនិងប្រតិបត្តិការទម្លាក់ទឹកពន្លត់ត្រូវតែបញ្ឈប់។ នៅទីក្រុង Mallacoota, ផ្សែងបានប្រែក្លាយពេលថ្ងៃទៅជាពេលយប់ហើយអាជ្ញាធរបាននិយាយថា អគ្គិភ័យនៅក្បែរនោះកំពុងបង្កជាព្យុះរន្ទះ។
ស្នងការគ្រប់គ្រងគ្រាអាសន្នរដ្ឋ Victoria លោក Andrew Crisp បានប្រាប់វិទ្យុ ABC ថា “យើងមានអគ្គិភ័យដែលមើលទៅដូចជាវានឹងប៉ះពាល់ដល់ទីក្រុង Mallacoota។ ក្រុមពន្លត់អគ្គិភ័យត្រូវបានគេដាក់ពង្រាយដើម្បីការពារ”។ អស់រយៈពេលជាច្រើនថ្ងៃមកហើយ អាជ្ញាធរបានព្រមានអ្នកទេសចរឲ្យចាកចេញពីតំបន់នោះប៉ុន្តែសម្រាប់មនុស្សរាប់ពាន់នាក់ ឥឡូវនេះវាយឺតពេលហើយក្នុងការចាកចេញ។ ការត្រៀមរៀបចំត្រូវបានគេរាយការណ៍ថាកំពុងដំណើរការសម្រាប់ការជម្លៀសចេញតាមសមុទ្រឬអាកាសប្រសិនបើចាំបាច់៕