ខេត្តសៀមរាប ៖ នៅក្នុងរាត្រីឆ្លងឆ្នាំសាកលឆ្នាំ២០១៩ចូលឆ្នាំ២០២០នេះ នៅខេត្តសៀមរាបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយមានសរុបប្រមាណ២៩៦,៣២២នាក់ មានការកើនឡើង៤.៣៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន២៦,៣២២នាក់ មានការថយចុះ-២២.៦៥ភាគរយភ្ញៀវទេសចរជាតិមានចំនួនប្រមាណជាង២៧ម៉ឺននាក់មានការកើនឡើងប្រមាណ៨.០០ភាគរយ បើប្រៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរខេត្តសៀមរាប។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងឱកាសឆ្លងឆ្នំាសាកលឆ្នំា២០១៩ចូល២០២០នេះអាជ្ញាធរបានរៀបចំឱ្យមានកន្លែងកម្សាន្តជាច្រើន គឺនៅតាមសណ្ឋាគារ នៅសួនច្បាមុខព្រះរាជដំណាក់ និងតំបន់ផប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី តំបន់អង្គរឃ្យុងយូ នៅផ្សារកុងតឺន័រ ហើយកន្លែងដែលភ្ញៀវសម្រុកទៅសប្បាយច្រើនជាងគេគឺ នៅតំបន់ផប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី និងនៅសួនច្បារមុខព្រះរាជដំណាក់។ ចំណែកសន្តិសុខវិញអាជ្ញាធរបានដាក់ពង្រាយសត្ថកិច្ចជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ។
លោកបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រជាពរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានាបានមកកម្សាន្តនៅខេត្តសៀមរាបនៅឱ្យឆ្លងឆ្នាំសាកលនេះជាច្រើន ហើយអាជ្ញាធរខេត្តក៏បានរៀបចំឱ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើងលម្អក្រុងបានស្អាតផងដែរ។
សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុតមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ រីឯតម្លៃសេវាផ្សេងៗដូចជាសណ្ឋាគារ ម្ហូបអាហារក៏មិនមានការឡើងថ្លៃហួសហេតុដែរ។ពីព្រោះក្រុមមន្រ្តីជំនាញបានចុះទៅផ្សព្វផ្សាយណែនំាឱ្យអាជីវករទំាងអស់មិនឱ្យឡើងថ្លៃជាប្រចំា៕