ឥណ្ឌូណេស៊ី ៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB បានបញ្ជាក់ថា ទឹកជំនន់បានវាយប្រហាររដ្ឋធានីហ្សាការតាបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ ដោយក្នុងនោះ៨នាក់នៅរដ្ឋធានីហ្សាការតា និង៣នាក់នៅកូកូតឌុក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Aljazeera។
អាជ្ញាធរបានបញ្ជាក់ទៀតថា ពលរដ្ឋប្រមាណ៣០លានគ្រួសារ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ចំណែកស្ថានីយរថភ្លើងមួយចំនួន រួមទាំងព្រលានយន្តហោះផងនោះ ក៏ត្រូវបានបិទផងដែរ។
អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Agus Wibowo បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងមូសុង និងទឹកទន្លេកំពុងជន់លិចសង្កាត់យ៉ាងតិច៩០ និងបង្កជាការបាក់ដីនៅក្នុងទីក្រុងកូកូតឌុកដែលស្ថិតនៅជាយក្រុងហ្សាការតា។
លោក Wibowo បាននិយាយថា អ្នកស្លាប់រួមមានសិស្សវិទ្យាល័យអាយុ១៦ឆ្នាំម្នាក់ដែលត្រូវចរន្តអគ្គិសនីឆក់ ខណៈដែលមនុស្សជាង១៩.០០០ នាក់កំពុងស្ថិតនៅក្នុងជម្រកបណ្តោះអាសន្នបន្ទាប់ពីទឹកជំនន់បានឡើងដល់៣ម៉ែត្រនៅកន្លែងជាច្រើន។
ដោយឡែកបើតាម លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី បានសរសេរនៅលើហ្វេសប៊ុកថា និវេសនដ្ឋានរបស់ស្ថានទូតកម្ពុជា ប្រចាំទីក្រុងហ្សាការតា ក៏ទទួលរងផលប៉ះពាល់ ដោយ សារគ្រោះទឹកជំនន់នេះផងដែរ៕